(ញូយ៉ក)៖ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំបំផុតនៅអាមេរិកគឺ Amazon បានរាយការណ៍ឲ្យដឹងថា បុគ្គលិកជួរមុខរបស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិកជាង ១៩,០០០នាក់បានឆ្លងជំងឺ COVID-19 ដែលស្មើនឹង ១.៤៤% នៃចំនួនបុគ្គលិកសរុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។
ក្រុមហ៊ុន Amazon បានគូសបញ្ជាក់ឲ្យដឹងថា «ក្នុងចំណោមបុគ្គលិកជួរមុខរបស់ខ្លួនចំនួន ១,៣៧២,០០០នាក់ បុគ្គលិកចំនួន ១៩,៨១៦នាក់ត្រូវបានគេធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ចំពោះ COVID-19 បើគិតចាប់តាំងពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១៩ ខែកញ្ញាកន្លងទៅនេះ»។ ប៉ុន្តែអត្រានៃការឆ្លងខាងលើនេះ គឺនៅទាបជាងការរំពឹងទុករហូតដល់ទៅ ៤២ភាគរយឯណោះ ខណៈពីមុនមកត្រូវបានក្រុមជំនាញរំពឹងទុកថា បុគ្គលិករហូតដល់ទៅជាង ៣៣,៩០០នាក់ឯណោះអាចនឹងឆ្លង COVID-19។
ការលាតត្រដាងនូវករណីឆ្លងរាតត្បាតនៃ COVID-19 ខាងលើនេះ ជាការមើលឃើញដ៏កម្រមួយ ដែលផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះបុគ្គលិករបស់ក្រុមហ៊ុន Amazon នៅសហរដ្ឋអាមេរិក។ បុគ្គលិកមួយចំនួនបាននិយាយថា ក្រុមហ៊ុន Amazon បានដាក់សុខភាពបុគ្គលិករបស់ខ្លួនឲ្យស្ថិតនៅក្នុងហានិភ័យ ដោយនៅតែបន្តបើកដំណើរការក្រុមហ៊ុនរបស់ខ្លួន ខណៈជំងឺរាតត្បាតសកល (COVID-19) នេះ កំពុងតែលុកលុយយ៉ាងខ្លាំង។ យ៉ាងណាមិញ ក្រុមហ៊ុន Amazon នៅតែសម្រេចចិត្តបន្តបើកដំណើរការក្រុមហ៊ុនរបស់ខ្លួនដដែល ដោយមានការអនុវត្តវិធានការមួយចំនួន រួមមានការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ការរក្សាគម្លាតសុវត្ថិភាព និងនីតិវិធីសុវត្ថិភាពផ្សេងៗទៀតសម្រាប់បុគ្គលិករបស់ខ្លួន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនអាជីវកម្មផ្សេងទៀត រាយការណ៍ពីតួលេខដែលអាចប្រៀបធៀបបានផងដែរ និងថែមទាំងបាននិយាយថា ខ្លួននឹងពង្រីកការធ្វើតេស្តរក COVID-19 ដល់បុគ្គលិកនៅសហរដ្ឋអាមេរិកចំនួន ៥០,០០០នាក់ក្នុងមួយថ្ងៃ ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺនេះ៕