(តូក្យូ)៖ អង្គការអវកាសជប៉ុន JAXA កំពុងតែបង្កើនបេសកកម្មស្រាវជ្រាវទីអវកាសរបស់ខ្លួនបន្ថែមទៀត ដោយយានអវកាសជប៉ុន ហាយ៉ាប៊ូសា ២ (Hayabusa-2) ដែលកំពុងដឹកជញ្ជូនគំរូតាងនៃអាចម៍ផ្កាយ រីយូគុ (Ryugu) ឆ្ពោះមកកាន់ផែនដីវិញនោះ ទើបតែត្រូវបានសម្រេចឲ្យបន្តបេសកកម្ម ទៅកាន់គោលដៅថ្មីមួយទៀត នៅពេលវាមកដល់ភពរបស់យើងវិញនៅចុងឆ្នាំ២០២០។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Space នាព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់ ទីភ្នាក់ងារអវកាសជប៉ុន JAXA ក្រោយយាន Hayabusa-2 ទម្លាក់ប្រអប់ស្តុកគំរូតាងដែលខ្លួនកំពុងនាំមកពីអាចម៍ផ្កាយ Ryugu ចុះមកកាន់ផែនដីនៅខែធ្នូខាងមុខ វានឹងចេញដំណើរសំដៅទៅរកអាចម៍ផ្កាយមួយទៀត ដែលជាគោលដៅថ្មីរបស់វា គឺអាចម៍ផ្កាយដែលមានឈ្មោះថា 1998 KY26។ យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានរំពឹងថា នៅឆ្នាំ២០៣១ឯណោះ ទើប Hayabusa-2 អាចទៅដល់អាចម៍ផ្កាយនោះបាន។
យានអវកាសជប៉ុនខាងលើ បានទៅដល់អាចម៍ផ្កាយ Ryugu កាលពីខែមិថុនា ឆ្នាំ២០១៨ ហើយបានចំណាយពេលជាង១ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវអំពីវា។ យាន Hayabusa-2 បានចាកចេញពី Ryugu វិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ គំរូតាងដែល Hayabusa-2 ប្រមូលពី Ryugu នឹងចុះមកដល់ផែនដីនៅថ្ងៃទី០៦ ខែធ្នូ ខាងមុខនេះ តាមរយៈការទម្លាក់នៅទីវាលមួយនៃប្រទេសអូស្រ្តាលី។
សម្រាប់ 1998 KY26 វិញ វាគឺជាអាចម៍ផ្កាយមួយមានអង្កត់ផ្ចិតប្រហែល ៣០ម៉ែត្រ ហើយប្រើពេលត្រឹមតែជាង ១០នាទីប៉ុណ្ណោះ ដើម្បីវិលជុំវិញខ្លួនឯង ឬរង្វិលខ្វាល់។ គន្លងគោចររបស់ 1998 KY26 គឺនៅតំបន់ចន្លោះគន្លងគោចររបស់ផែនដីយើង និងគន្លងគោចរនៃភពអង្គារ (Mars) ជុំវិញព្រះអាទិត្យ ប៉ុន្តែពេលខ្លះក៏ហោះកាត់គន្លងគោចរនៃភពរបស់យើងផងដែរ ក្នុងអំឡុងនៃការធ្វើដំណើរមួយជុំព្រះអាទិត្យរបស់វា ដែលមានរយៈពេល ១.៣៧ឆ្នាំ (នៃពេលវេលាផែនដី)។ បើតាមអង្គការ JAXA ក្រៅពីទៅសិក្សាអំពី 1998 KY26 យាន Hayabusa-2 ក៏នឹងត្រូវធ្វើការហោះឆ្វែលល្បឿនលឿន កាត់អាចម៍ផ្កាយមួយទៀតឈ្មោះ 2001 CC21 ថែមទៀតផង។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនព្យាយាមធ្វើការសិក្សាអំពីអាចម៍ផ្កាយ 162173 Ryugu ដែលមានកាំប្រវែង ៤៣៥ម៉ែត្រមួយនេះ ដើម្បីស្វែងយល់ពីបុគ្គលិកលក្ខណៈជារួមរបស់វាដូចជា អាយុកាល សារធាតុផ្សំ និងលក្ខណៈផ្សាភ្ជាប់របស់វា ជាមួយនិងការកកើតប្រព័ន្ធព្រះអាទិត្យ ផែនដី និងជីវិតនានា។ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានរកឃើញថា Ryugu មានអាយុកាលក្មេងខ្លាំង នោះគឺតែជាង ១០០លានឆ្នាំប៉ុណ្ណោះ ហើយសារធាតុទឹកនៅក្នុងខ្លួនរបស់វា ក៏មានតិចជាងការរំពឹងទុកផងដែរ។ សារធាតុរ៉ែសំខាន់ៗមួយចំនួនទៀត ក៏ត្រូវបានរកឃើញនៅលើ Ryugu ផងដែរ ប៉ុន្តែភាពច្បាស់លាស់ទៅជាយ៉ាងណានោះ គឺមានតែរង់ចាំយានដឹកគំរូតាង ដែលត្រូវបានជីកយកពីអាចម៍ផ្កាយនេះត្រូវអ្នកវិទ្យាសាស្ត្រយកមកវែកញែកសិន៕