(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនិងភរិយាគឺលោកស្រីជំទាវទីមួយ មេឡានៀ ត្រាំ (Melania Trump) កំពុងចាប់ផ្ដើមដំណើរការធ្វើចត្តាឡីស័ក និងទន្ទឹមរង់ចាំលទ្ធផលធ្វើតេស្ដរក COVID-19 បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីប្រឹក្សាជាន់ខ្ពស់របស់លោកម្នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើគណនី Twitter របស់លោកផ្ទាល់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកស្រីជំទាវទីមួយ និងរូបខ្ញុំ កំពុងរង់ចាំលទ្ធផលធ្វើតេស្ដរបស់ពួកយើង ហើយក្នុងពេលជាមួយគ្នា យើងក៏នឹងចាប់ផ្ដើមដំណើរការធ្វើចត្តាឡីស័ករបស់ពួកយើង»។
គួរបញ្ជាក់ថា ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោក ដូណាល់ ត្រាំ គឺលោកស្រី ហូប ហីកស៍ (Hope Hicks) ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 បន្ទាប់ពីបានរួមដំណើរជាមួយលោក ត្រាំ នៅលើយន្ដហោះពិសេស Air Force One។ លោកស្រី Hicks បានរួមដំណើរជាច្រើនលើកជាមួយលោក ត្រាំ កាលពីពេលថ្មីៗនេះ ក្នុងនោះរួមមានទាំងវេទិកាតស៊ូមតិក្នុងទីក្រុង ក្លេវលែនដ៍ (Cleveland) កាលពីថ្ងៃអង្គារ និងបានអមដំណើរលោកប្រធានាធិបតីអាមេរិករូបនេះ ទៅចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃពុធកន្លងទៅនៅឯរដ្ឋ មីននីសូតា (Minnesota) ផងដែរ។ មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានលម្អិតថា តើលោកស្រី Hicks មានរោគសញ្ញាធ្ងន់ ឬក៏ស្រាលនៅឡើយទេ។
បើតាមសេតវិមានថា លោក ត្រាំ បានថែទាំសុខភាព និងការពារខ្លួនលោកជានិច្ច ហើយក្រុមមន្ត្រីរបស់លោក តែងតែបានអនុវត្តតាមការណែនាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ក៏ប៉ុន្តែជារឿយៗ លោក ត្រាំ និងក្រុមមន្ត្រីរបស់លោកត្រូវបានគេសង្កេតឃើញថា មិនបានពាក់ម៉ាសឡើយ នៅពេលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៕