(វ៉ាស៊ីនតោន)៖ ប្រតិបត្តិករយន្តហោះដ្រូនរបស់ កងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ចេញនូវការរចនាម៉ូដថ្មី ដែលមានចេតនាចង់បង្កជម្លោះជាមួយប្រទេសចិននាពេលអនាគត។ ស្លាកសញ្ញាផែនទីចិនជាមួយនិងរូបតំណាងពេជឃាត (grim reaper) ត្រូវបានបង្ហាញនៅលើស្លាបរបស់ដ្រូន និងនៅលើឯកសណ្ឋានរបស់ប្រតិបត្តិករដ្រូន។ ទីក្រុងប៉េកាំង បានហៅសកម្មភាពនេះថា ជាចរិតបង្ករឿង និងគគ្លើនបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

ស្លាកសញ្ញាខាងលើត្រូវបានបង្ហាញជាលើកដំបូងកាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ នៅពេលដែលទស្សនាវដ្តីកងទ័ពអាកាស បានរាយការណ៍ពីសមយុទ្ធមួយ ដែលត្រូវបានធ្វើឡើងរវាងកងទ័ពអាកាស និងកងទ័ពជើងទឹកអាមេរិកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ សមយុទ្ធយោធាដែលមានឈ្មោះថា អេចាល់ រីប (Agile Reape) គឺជាផ្នែកមួយនៃការផ្លាស់ប្តូរការចាប់អារម្មណ៍របស់មន្ទីរបញ្ចកោណ ចេញឆ្ងាយពីសង្គ្រាមនៅមជ្ឈិមបូព៌ា រួចឆ្ពោះទៅរកតំបន់អាស៊ីបូព៌ាវិញ ជាពិសេសប្រទេសចិន និងរុស្ស៊ី ដោយទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ជាការត្រួតពិនិត្យឡើងវិញចំពោះពួកប្រទេសឈ្លានពាន។

នៅជុំវិញបញ្ហាខាងលើកាសែតចិន Global Times កាលពីថ្ងៃអង្គារសប្តាហ៍នេះបានចេញផ្សាយថា ទីក្រុងប៉េកាំងបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបានហៅសកម្មភាពនេះថា ជាទង្វើក្រអឺតក្រទម។ យោងតាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា លើកចុងក្រោយបង្អស់ដែលកងទ័ពអាកាសសហរដ្ឋអាមេរិក បានដាក់ផែនទីប្រទេសមួយនៅក្នុងស្លាកសញ្ញា គឺនៅក្នុងសង្គ្រាមវៀតណាម។ ការដាក់ផែនទីរបស់ប្រទេសចិននៅក្នុងស្លាកសញ្ញា គឺជាជំហរដ៏ជ្រុលនិយមបំផុត។ Globle Time បានកត់សំគាល់ដែរថា ប្រភេទដ្រូនខាងលើត្រូវបានប្រើប្រាស់ នៅក្នុងការធ្វើឃាតមេបញ្ជាការកងទ័ពអ៉ីរង់លោក កាសេម សូឡៃមេនី (Qasem Soleimani) និងឥស្សរជនយោធាអ៉ីរ៉ាក់កំពូលៗផ្សេងទៀត នៅប្រទេសអ៉ីរ៉ាក់នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។

គួរជម្រាបថា កងទ័ពប្រជាជនចិន (PLA) មានសមត្ថភាពបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9 Reaper របស់អាមេរិកយ៉ាងងាយស្រួលបំផុត ដោយសារតែដ្រូនប្រភេទប្រភេទនេះត្រូវបានរចនាឡើង សម្រាប់បេសកកម្មប្រឆាំងភេរវកម្ម និងសម្លុតប្រទេសដែលគ្មានប្រព័ន្ធការពារដែនអាកាសតែប៉ុណ្ណោះ។ អ្នកជំនាញកងទ័ពអាកាសចិនលោក ហ្វូ កៀនហ្សាវ (Fu Qianshao) បានគូសបញ្ជាក់ថា ដ្រូនប្រភេទ MQ-9 មិនអាចបង្កជាក្តីព្រួយបារម្ភសម្រាប់ប្រទេសចិននោះទេ ពីព្រោះវាមិនមានសមត្ថភាពបំបាំងកាយ ដែលធ្វើឲ្យវាងាយត្រូវប្រព័ន្ធមីស៊ីលនៅលើដីបាញ់ទម្លាក់៕