(អាមេនី)៖ នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បាននិយាយថា កងទ័ពអាមេនីបានបាញ់ទម្លាក់យន្ដហោះដ្រូនបួនគ្រឿង ដែលហោះចូលក្នុងដែនអាកាស របស់ខ្លួន ក្បែររដ្ឋធានី Yerevan។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។
ការអះអាងរបស់លោក Nikol Pashinyan កើតមានឡើងចំពេលជម្លោះដ៏ក្ដៅគគុក រវាងកងទ័ពអាហ្សែបៃហ្សង់ និងអាមេនី នៅតែបន្តឡើងកម្ដៅរឹតតែខ្លាំង នៅតំបន់ជម្លោះព្រំដែន ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh)។ ស្ថានភាពនៅពេលនេះកាន់តែតានតឹង បន្ទាប់ពីភាគីទាំងពីរប្រកាន់ជំហរតឹងរ៉ឹង និងមិនព្រមដកថយពីតំបន់ជម្លោះ បើទោះជាសហគមន៍អន្តរជាតិ អំពាវនាវឱ្យបទឈប់បាញ់ និងកិច្ចចរចាជាបន្ទាន់ក៏ដោយ។
ជម្លោះរវាងកងទ័ពអាហ្សែបៃហ្សង់ និងអាមេនីបានផ្ទុះឡើងតាំងតែពីថ្ងៃអាទិត្យសប្ដាហ៍មុនមកម្ល៉េះ ដោយប្រទេសអាមេនី និងតំបន់ Nagorno-Karabakh ដែលប្រកាសទទួលស្គាល់ខ្លួន ឯងជាសាធារណរដ្ឋរួមទាំងអាហ្សែបៃហ្សង់ បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក និងចល័តកងទ័ពក៏ដូចជាអាវុធធុនធ្ងន់រៀងៗខ្លួន។
គួរបញ្ជាក់ថា កងទ័ពអាមេនី និងអាហ្សែបៃហ្សង់នៅតែបន្តបាញ់ផ្លោងដាក់គ្នា ឈានចូលមកដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ទាហាន និងជនស៊ីវិលសរុប ២១នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួស នៅក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់ នៅតំបន់ជម្លោះរវាងប្រទេសទាំងពីរនេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០១៦។
ជម្លោះរវាងប្រទេសទាំងពីរនេះ បាននិងកំពុងបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង ខណៈដែលដែនដីជម្លោះនោះ ស្ថិតនៅក្នុងតំបន់បំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ ទៅកាន់ទីផ្សារអន្តរជាតិ។ ប្រទេសរុស្ស៊ី បារាំង និងប្រទេសមហាអំណាចជាច្រើនទៀត បានអំពាវនាវឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នា និងវិលត្រឡប់មករកតុចរចាវិញ ស្របពេលដែលប្រទេសតួកគី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះអាហ្សែបៃហ្សង់ហើយថែមទាំងបានសន្យាថា នឹងផ្តល់ជំនួយទាំងនៅក្នុងកិច្ចចរចា និងការប្រយុទ្ធ បូករួមទាំងបានព្រមានខ្លាំងៗថា ការឈ្លានពានណាមួយប្រឆាំងនឹងទឹកដីអាហ្សែបៃហ្សង់ គឺជាការវាយប្រហារដោយផ្ទាល់ មកលើរដ្ឋាភិបាលទីក្រុងអង់ការ៉ា៕