(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោកស្រី ហូប ហីកស៍ (Hope Hicks) ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 បន្ទាប់ពីបាន រួមដំណើរជាមួយលោក ត្រាំ នៅលើយន្ដហោះពិសេស Air Force One។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។
លោកស្រី Hicks បានរួមដំណើរជាច្រើនលើកជាមួយលោក ត្រាំ កាលពីពេលថ្មីៗនេះ ក្នុងនោះរួមមានទាំងវេទិកាតស៊ូមតិក្នុងទីក្រុង ក្លេវលែនដ៍ (Cleveland) កាលពីថ្ងៃអង្គារ និងបានអមដំណើរលោកប្រធានាធិបតីអាមេរិករូបនេះ ទៅចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃពុធកន្លងទៅនៅឯរដ្ឋ មីននីសូតា (Minnesota) ផងដែរ។ មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានលម្អិតថា តើលោកស្រី Hicks មានរោគសញ្ញាធ្ងន់ ឬក៏ស្រាលនៅឡើយទេ។
គួរបញ្ជាក់តាមក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមានថា លោក ត្រាំ បានថែទាំសុខភាព និងការពារខ្លួនលោកជានិច្ច ហើយក្រុមមន្ត្រីរបស់លោកតែងតែបានអនុវត្តតាម ការណែនាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ក៏ប៉ុន្តែជារឿយៗ លោក ត្រាំ និងក្រុមមន្ត្រីរបស់លោកត្រូវបានគេសង្កេតឃើញថា មិនបានពាក់ម៉ាសឡើយ នៅពេលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៕