(បារីស)៖ អាជ្ញាធរបារាំងនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវស្វែងរកយុវជនស្ម័គ្រចិត្តចំនួន ២៥,០០០នាក់ ដើម្បីចុះឈ្មោះធ្វើតេស្តសាកល្បងជាលក្ខណៈទ្រង់ទ្រាយធំ លើបេក្ខជនវ៉ាក់សាំងជាច្រើនរបស់ខ្លួន ដើម្បីវាយតម្លៃពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។
ស្ថាប័នស្រាវជ្រាវសាធារណៈរបស់ប្រទេសបារាំងឈ្មោះ Inserm ដែលទទួលបន្ទុកគម្រោងនេះ មិនបានបញ្ចេញឈ្មោះវ៉ាក់សាំង ដែលត្រូវបានគេយកធ្វើតេស្តវាយតម្លៃនោះទេ ដោយគ្រាន់តែបាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតឱសថ ដើម្បីជ្រើសរើសបេក្ខជនវ៉ាក់សាំង ដែលទទួលបានជោគជ័យបំផុត សម្រាប់ធ្វើតេស្ត។
ការតេស្តសាកល្បងដំណាក់កាលទី២ និងទី៣ ដែលអាចនឹងចាប់ផ្តើមនៅខែនេះ នឹងត្រូវធ្វើឡើងនៅតាមមន្ទីរពេទ្យចំនួន២៤ នៅទូទាំងប្រទេស ខណៈដែលអ្នកស្ម័គ្រចិត្តត្រូវបានអញ្ជើញឲ្យចុះឈ្មោះតាមប្រព័ន្ធអនឡាញ។
គួរជម្រាបថា បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងណាមួយ ត្រូវបានអនុម័តជាអន្តរជាតិ ដើម្បីបង្ការជំងឺ COVID-19 ដែលបានសម្លាប់មនុស្សជាង ១លាននាក់នៅទូទាំងពិភពលោកនៅឡើយទេ។ បើយោងតាមអង្គការសុខភាពពិភពលោក បានឲ្យដឹងថា វ៉ាក់សាំងដែលមានសក្តានុពលជាង ១៥០ប្រភេទ កំពុងត្រូវបានបង្កើតឡើងនៅជុំវិញពិភពលោក ដោយមាន ៣៨ប្រភេទត្រូវបានតេស្តសាកល្បងលើមនុស្សនៅដំណាក់ទី២ និងទី៣៕