(បរទេស)៖ គម្រោងមនុស្សធម៌ប្រកបដោយមហិច្ឆតា COVAX ដែលសំដៅចែកចាញវ៉ាក់សាំង COVID-19 ដល់ប្រជាជនក្រីក្របំផុតនៅជុំវិញពិភពលោក កំពុងប្រឈមនឹងកង្វះខាតថវិកា យន្តហោះដឹកជញ្ជូន ក៏ដូចជាបរិក្ខាចាំបាច់ផ្សេងៗ ព្រមទាំងវ៉ាក់សាំងផ្ទាល់ និងកំពុងញ៉ាំងឲ្យមានមន្ទិលសង្ស័យសូម្បីតែក្នុងចំណោមអ្នក ដែលគម្រោងនេះមានបំណងជួយថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។
ឧបសគ្គដ៏ធំបំផុតមួយគឺថា បណ្តាប្រទេសអ្នកមានៗ បានរាំងខ្ទប់ការផ្គត់ផ្គង់វ៉ាក់សាំង ដែលមានសក្តានុពលស្ទើរតែទាំងអស់របស់ពិភពលោក រហូតដល់ឆ្នាំ២០២១ ហើយមហាអំណាចដូចជាសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានបដិសេធមិនព្រមចូលរួមក្នុងគម្រោង COVAX នោះឡើយ។ គម្រោង COVAX ស្ថិតក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងសម្ព័ន្ធភាពអន្តរជាតិ GAVI និង CEPI។
COVAX មានគម្រោងទិញវ៉ាក់សាំងចំនួន ២ពាន់លានដូសនៅត្រឹមចុងឆ្នាំ ២០២១ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថា វ៉ាក់សាំងដែលទទួលបានជោគជ័យតម្រូវឲ្យចាក់១ឬ២ដូសសម្រាប់ប្រជាជន៧.៨ពាន់លាននាក់នៅជុំវិញពិភពលោកនៅឡើយទេ។ បណ្តាប្រទេសដែលបានចូលរួមក្នុងគម្រោងខាងលើ អាចទិញឬទទួលយកដោយឥតគិតថ្លៃក្នុងករណីចាំបាច់។
បញ្ហាមួយដំបូងកើតឡើងដោយសារ ប្រទេសអ្នកមានៗមួយចំនួននៅលើពិភពលោក បានចរចាកិច្ចព្រមព្រៀងរៀងៗខ្លួន ជាមួយបណ្តាក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង ដែលមានន័យថាពួកគេមិនចាំបាច់ចូលរួមក្នុងគម្រោង COVAX ឡើយ។ ប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងអាមេរិក មិនមានបំណងចូលរួមក្នុងកម្មវិធីនេះទេ។ បណ្តាប្រទេសអ្នកមានជាច្រើន បាននាំគ្នាកក់ទុកវ៉ាក់សាំង ពីក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងរួចជាស្រេច មុនពេលដែលវ៉ាក់សាំងទទួលបានការយល់ព្រមទៅទៀត ពោលគឺពួកគេបានប្រមូលទុកការផ្គត់ផ្គង់វ៉ាក់សាំងភាគច្រើនសម្រាប់ឆ្នាំ២០២១អស់ទៅហើយ ។
នៅជុំវិញបញ្ហាខាងលើសហភាពអឺរ៉ុប (EU) បានចូលរួមវិភាគទានចំនួន ៤០០លានអឺរ៉ូ (ប្រហែលជា ៤៦៩លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់គម្រោង COVAX ប៉ុន្តែ EU ខ្លួនឯងផ្ទាល់មិនមានបំណងចូលរួមនៅក្នុងគម្រោងនោះទេ ដោយសាររដ្ឋសមាជិកគ្មានទំនុកចិត្តលើសមត្ថភាពក្នុងការចែកចាយរបស់កម្មវិធីខាងលើ។ ផ្ទុយទៅវិញ EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញវ៉ាក់សាំងច្រើនជាង ១ពាន់លានដូសជាមួយបណ្តាក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងដោយផ្ទាល់។
GAVI, WHO និង CEPI បានប្រកាសកាលពីខែកញ្ញាថាប្រទេសដែលតំណាងឲ្យពីរភាគបី នៃចំនួនប្រជាជនសរុបរបស់ពិភពលោក បានចូលរួមជាមួយគម្រោង COVAX ប៉ុន្តែពួកគេបានកត់សម្គាល់ថា គម្រោងនេះនៅត្រូវការថវិកាប្រហែល ៤០០លានដុល្លារបន្ថែមទៀត ពីរដ្ឋាភិបាលនានាឬប្រភពផ្សេងទៀត ហើយបើគ្មានថវិកាគ្រប់គ្រាន់ GAVI មិនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទិញវ៉ាក់សាំងបានទេ។
ជាក់ស្តែង COVAX មិនបានឈានដល់កិច្ចព្រមព្រៀងដ៏ធំមួយនៅសប្តាហ៍នេះ ក្នុងការទិញវ៉ាក់សាំង ២០០លានដូស ពីក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង Serum របស់ប្រទេសឥណ្ឌាឡើយ។ GAVI បានប៉ាន់ស្មានថានៅចុងឆ្នាំ២០២០ គម្រោងនេះនឹងត្រូវការថវិកា ៥ពាន់លានដុល្លារបន្ថែមទៀត ទោះជាយ៉ាងណាក៏ដោយ COVAX នៅតែបន្តការចរចាដើម្បីទិញវ៉ាក់សាំងតទៅទៀត។
លោកស្រី Aurelia Nguyen នាយកគ្រប់គ្រងគម្រោង COVAX បានគូសបញ្ជាក់ថា «យើងកំពុងធ្វើការជាមួយបណ្តារដ្ឋាភិបាល ដែលកន្លងមកបានសម្តែងការចាប់អារម្មណ៍ ដើម្បីធានាថាយើងអាចចុះកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ។ លោកស្រីបានបន្ថែមទៀតថា COVAX គឺជាគម្រោងដ៏មានមហិច្ឆតាបំផុត ហើយក៏ជាផែនការតែមួយគត់ដែលពិភពលោកយើងមាននៅលើតុដើម្បីបញ្ចប់ជំងឺរាតត្បាត COVID-19 ផងដែរ។ គម្រោងនេះកំពុងប្រឈមមុខនឹងមន្ទឹលសង្ស័យ និងសំណួរជាច្រើនពីបណ្តាប្រទេសក្រីក្រ និងសកម្មជន ថាតើគម្រោងនេះនឹងដំណើរការយ៉ាងដូចម្តេច ហើយវានឹងមានប្រសិទ្ធិភាពដែរឬទេ។
ជាផ្នែកមួយនៃគម្រោង COVAX, WHO និង GAVI បានស្នើសុំឲ្យបណ្តាប្រទេសនានាផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាលជួរមុខ បន្ទាប់មកមនុស្សវ័យចំណាស់ ជាមួយនឹងគោលដៅចាក់វ៉ាក់សាំងឲ្យបាន២០ភាគរយនៃចំនួនប្រជាជនពិភពលោក។ បញ្ហាប្រឈមមួយទៀតគឺបេក្ខភាពវ៉ាក់សាំងជាច្រើន ទាមទារឲ្យរក្សានៅក្នុងសីតុណ្ហភាពត្រជាក់ពីកន្លែងផលិតរហូតដល់អ្នកជំងឺ ដូច្នេះហើយការដឹកជញ្ជូននឹងក្លាយជាឧបសគ្គចំបង។
ឧបសគ្គមួយទៀត គឺថាបេក្ខភាពវ៉ាក់សាំងឈានមុខគេភាគច្រើន តម្រូវឲ្យចាក់០២ដូសសម្រាប់មនុស្សម្នាក់ ដែលអាចបង្កឲ្យមានភាពស្មុគស្មាញ។ លើសពីនេះ បញ្ហាភ័យខ្លាចចំពោះការប្តឹងផ្តល់ក្នុងករណីដែលវ៉ាក់សាំងមិនមានប្រសិទ្ធភាព ក៏អាចបង្កបញ្ហាលំបាកដល់កិច្ចព្រមព្រៀងបានផងដែរ ព្រោះថាក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងអាចនឹងទាមទារឲ្យមានការធានាច្បាស់លាស់ថា ពួកគេនឹងមិនប្រឈមជាមួយការប្តឹងផ្តល់អ្វីឡើយ ក្នុងករណីមានអ្នកស្លាប់ ឬអ្នករងផលប៉ះពាល់អវិជ្ជមានពីវ៉ាក់សាំងរបស់ពួកគេ។
នៅចំពោះមុខបញ្ហាទាំងអស់នេះលោកស្រី Alicia Yamin សាស្រ្តាចារ្យផ្នែកសុខាភិបាលអន្តរជាតិនៃសកលវិទ្យាល័យ Harvard បាននិយាយថា លោកស្រីពិតជាខ្លាចខ្លាំងណាស់ព្រោះថា ច្រកទ្វារកំពុងតែបិទជាបណ្តើរៗហើយ សម្រាប់គម្រោង COVAX ។ វាពិតជារឿងគួរឲ្យខកចិត្តណាស់ដែល GAVI, WHO ប្រឈមនឹងបញ្ហាទាំងនេះ។ បើតាមការយល់ឃើញរបស់ លោកស្រី Yamin ប្រទេសក្រីក្រឬកំពុងអភិវឌ្ឍទំនងជានឹងត្រូវពឹងផ្អែកលើវ៉ាក់សាំងដែលគេបរិច្ចាគ ជាជាងគម្រោងចែកចាយវ៉ាក់សាំងដោយស្មើភាពដូចជា COVAX ហើយពួកគេប្រហែលជាត្រូវរងចាំរហូតដល់ឆ្នាំ២០២២ ឬ២០២៣ ឯណោះ ទើបទទួលបានវ៉ាក់សាំង COVID-19៕