(កៀវ)៖ អាជ្ញាធរប្រទេសអ៊ុយក្រែន បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ មានមនុស្សយ៉ាងហោចណាស់ចំនួន ០៩នាក់បានស្លាប់ និង ១០នាក់ទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារភ្លើងឆេះព្រៃមួយ ដែលបានកើតឡើងនៅតំបន់ Luhansk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។
ទីភ្នាក់ងារសង្រ្គោះបន្ទាន់អ៊ុយក្រែន បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា «មនុស្ស៩នាក់បានស្លាប់ និង ១០នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈ១២០នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរជម្លៀសចេញពទៅកាន់ទីសុវត្ថិភាព»។
ប្រធានរដ្ឋបាលប្រចាំតំបន់ Luhansk លោក Sergey Gaidai បានគូសបញ្ជាក់ថា យន្តហោះចំនួន០២គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង បានចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើង ដែលមានទំហំប្រមាណ៩,៣០០ហិកតា ខណៈមនុស្សចំនួន១,២៤៧នាក់ កំពុងដាក់ឲ្យប្រតិបត្តិការយ៉ាងសកម្ម ដើម្បីពន្លត់ភ្លើងឆេះព្រៃនៅទីតាំងសំខាន់ៗចំនួន៦កន្លែង។ ទោះជាយ៉ាងណា មូលហេតុនៃគ្រោះអគ្គីភ័យ មិនត្រូវបានបញ្ជាក់ប្រាប់នៅឡើយទេ៕