(ម៉ានីល/ហ្សាការតា)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DHO) នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ២,៤១៥ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៣១៤,០៧៩ករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។
DOH បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ៩៣០ករណីត្រូវបានរាយការណ៍ចេញពីរដ្ឋធានីម៉ានីល និងតំបន់ជុំវិញនោះ (Metro Manila)។ ក្រៅពីអ្នកឆ្លងថ្មីៗ ហ្វីលីពីន ក៏បានកត់ត្រាអ្នកស្លាប់ ៥៩នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៥,៥៦២នាក់ ខណៈអ្នកជំងឺ ៧៧១នាក់ផ្សេងទៀតបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ជាហេតុនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 សរុបក៏បានកើនដល់ ២៥៤,២២៣នាក់ផងដែរ។
គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីន ដែលមានប្រជាជនប្រមាណ ១០៩លាននាក់ បានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ៣.៥២លាននាក់។ ក្នុងថ្ងៃដដែលនេះ ក្រសួងសុខាភិបាលរបស់ឥណ្ឌូណេស៊ីវិញ បានប្រកាសពីការរកឃើញ COVID-19 ៤,១៧៤ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ២៩១,១៨២នាក់។
បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេល២៤ម៉ោងដូចគ្នា អ្នកស្លាប់ថ្មី១១៦នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកស្លាប់សរុប កើនដល់១០,៨៥៦នាក់។ ក្រសួងបានឱ្យដឹងទៀតថា មនុស្ស២១៨,៤៨៧នាក់ បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានអ្នកជាសះស្បើយថ្មី ៣,៥៤០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ខេត្តទាំង៣៤ នៃប្រទេសឥណ្ឌូណេស៊ី សុទ្ធតែមានករណីឆ្លង COVID-19 ហើយក្នុងនោះរដ្ឋធានីហ្សាការតារងគ្រោះធ្ងន់ធ្ងរជាងគេ៕