(បាគូ)៖ ការប៉ះទង្គិចរវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់នៅតែបន្ត គិតចាប់តាំងថ្ងៃអាទិត្យសប្តាហ៍មុន នៅពេលដែលភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការឈ្លានពាននៅតាមបន្ទាត់ព្រំដែននៃតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ជាតំបន់ផ្តាច់ខ្លួនមួយ ដែលបានដាក់ឈ្មោះខ្លួនឯងថា សាធារណរដ្ឋអាតសាក (Artsakh) និងមានប្រទេសអាមេនីជាអ្នកគាំទ្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។
ភាគីទាំងសងខាងបានប្រកាសប្រើច្បាប់អាជ្ញាសឹករៀងៗខ្លួន ដោយរដ្ឋាភិបាលទីក្រុងបាគូ បានប្រកាសពីការចល័តកងទ័ពមួយចំនួន ចំណែកឯប្រទេសមេនី និងតំបន់ Nagorno-Karabakh បានប្រកាសពីការចល័តកងទ័យទ្រង់ទ្រាយធំ ដើម្បីត្រៀមកម្លាំងទប់ទល់ការឈ្លានឈាន ពីសំណាក់ប្រទេសអាហ្សៃបៃហ្សង់។ ការប្រយុទ្ធគ្នានៅតែបន្តនៅតំបន់ Nagorno-Karabakh ក្រោយភាគីទាំងពីរបានបង្ហោះវីដេអូជាច្រើនដែលបង្ហាញថា យន្តហោះចម្បាំង និងរថពាសដែកជាច្រើនគ្រឿង ត្រូវបានបំផ្លាញកំឡុងពេលនៃការប៉ះទង្គិចគ្នា។
នៅជុំវិញបញ្ហាខាងលើ ប្រទេសរុស្ស៊ី បារាំង និងប្រទេសមហាអំណាចជាច្រើនទៀត បានអំពាវនាវឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នា និងវិលត្រឡប់មករកតុចរចាវិញ ស្របពេលដែលប្រទេសតួកគី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះអាហ្សែបៃហ្សង់ហើយថែមទាំងបានសន្យាថា នឹងផ្តល់ជំនួយទាំងនៅក្នុងកិច្ចចរចា និងការប្រយុទ្ធ បូករួមទាំងបានព្រមានខ្លាំងៗថា ការឈ្លានពានណាមួយប្រឆាំងនឹងទឹកដីអាហ្សែបៃហ្សង់ គឺជាការវាយប្រហារដោយផ្ទាល់ មកលើរដ្ឋាភិបាលទីក្រុងអង់ការ៉ា។
គួរបញ្ជាក់ថា កងទ័ពអាមេនី និងអាហ្សែបៃហ្សង់នៅតែបន្តបាញ់ផ្លោងដាក់គ្នា ឈានចូលមកដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ទាហាន និងជនស៊ីវិលសរុប ២១នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួស នៅក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់ នៅតំបន់ជម្លោះរវាងប្រទេសទាំងពីរនេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០១៦។
ជម្លោះរវាងប្រទេសទាំងពីរនេះ បាននិងកំពុងបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង ខណៈដែលដែនដីជម្លោះនោះ ស្ថិតនៅក្នុងតំបន់បំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ ទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹងគ្នានេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) ក៏បានអំពាវនាវឲ្យមេដឹកនាំអាល់មេនី និងអាហ្សែបៃហ្សង់ បោះជំហានជាបន្ទាន់ទៅរកការបង្កើតបទឈប់បាញ់គ្នាមួយផងដែរ៕