(មិចស៊ីកូ)៖ វិស័យឧស្សាហកម្មពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិករបស់អាមេរិកឡាទីន បាននិងកំពុងតែរីកចម្រើនខ្លាំងឡើងគួរឲ្យកត់សម្គាល់ ខណៈការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតសកល (COVID-19) នេះបានជម្រុញឲ្យប្រជាជនរាប់លាននាក់នៅទូទាំងតំបន់នេះ បានកែប្រែទម្លាប់ពីមុន ដោយងាកទៅធ្វើការទិញទំនិញតាមអនឡាញវិញ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

វិស័យនេះគឺជាផ្នែកមួយនៃការយកឈ្នះដ៏ចម្បង លើជំងឺឆ្លងរាតត្បាតសកល COVID-19 ដោយប្រជាជនទាំងអស់អាចអនុវត្តវិធានការស្ថិតនៅផ្ទះ ដោយមិនមានការភ័យខ្លាច ចំពោះការឆ្លងរីករាលដាលបន្ថែម។ ជាមួយគ្នានេះដែរ អ្នកជំនាញផ្នែកយុទ្ធសាស្រ្តសកល លោក អូស្កា ស៊ីលវ៉ា (Oscar Silva) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា «ជនជាតិអាមេរិកឡាទីនជាង ១០លាននាក់ដែលមិនធ្លាប់ទិញទំនិញ តាមរយៈប្រព័ន្ធអនឡាញសោះ តែឥឡូវនេះពួកគេបែរជាងាកមកធ្វើវាជាប្រចាំទៅវិញ»

ចំណែកឯកម្លាំងលក់ទំនិញ នៅក្នុងតំបន់អាមេរិកឡាទីនដែលលេចធ្លោជាងគេនោះ គឺមិនមែនជាក្រុមហ៊ុន Amazon ឬ eBay នោះទេ ប៉ុន្តែគឺជាក្រុមហ៊ុន មឺខាដូលីប្រេ (Mercado Libre) ដែលមានគំរូអាជីវកម្មស្រដៀងគ្នាទៅនឹងក្រុមហ៊ុនខាងលើ និងមានវត្តមាននៅក្នុងប្រទេសចំនួន ១៨ នៅអាមេរិកឡាទីនតែម្តង។ ទោះបីជាមានវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺឆ្លងរាតត្បាតសកល COVID-19 ក៏ដោយ ក៏ក្រុមហ៊ុនអាហ្សង់ទីនមួយនេះ បានរីកចម្រើនទ្វេដងលើការលក់ទំនិញរបស់ខ្លួន នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២០នេះផងដែរ ដោយសារការកើនឡើងនូវអតិថិជនរហូតដល់ ៥១.១លាននាក់ឯណោះ ឬស្មើនឹងកំណើន ៤៥ភាគរយបើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៩។

ទន្ទឹមនឹងនេះ លោក Silva ក៏បានគូសបញ្ជាក់បន្ថែមថា «ទំហំមូលធនរបស់ខ្លួនក្នុងទីផ្សារបានឈានដល់ ៥៥ពាន់លានដុល្លារអាមេរិកហើយ ដែលជាដៃគូប្រកួតប្រជែងដ៏ធំមួយជាមួយក្រុមហ៊ុនរុករករ៉ែប្រេស៊ីល វ៉ាល់ (Vale) និងកំពុងឈានទៅយកតំណែង ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅអាមេរិកឡាទីន»

គួរជម្រាបថា បើតាមអ្នកជំនាញផ្នែកយុទ្ធសាស្រ្តសកល លោក Oscar Silva ប្រជាជនមួយចំនួនមានការភ័យខ្លាច ចំពោះទំនិញដែលទិញតាមរយៈប្រព័ន្ធអនឡាញនោះ នឹងមិនដូចអ្វីដែលពួកគេបានរំពឹងទុក ប៉ុន្តែប្រជាជនភាគច្រើននៅតែបន្តគាំទ្រដដែលបន្ទាប់ពីដឹងថា ការធ្វើពាណិជ្ជកម្មតាមរយៈប្រព័ន្ធអនឡាញនេះ មានភាពងាយស្រួល និងមានប្រសិទ្ធភាព៕