(សាន់ហ្វ្រាន់ស៊ីស្កូ)៖ នាយកដ្ឋានពន្លត់អគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រញ៉ា (Cal Fire) នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា ភ្លើងឆេះព្រៃឈ្មោះហ្សូកហ្វាយអឺ (Zogg Fire) ដែលកំពុងតែឆាបឆេះ នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក ទើបតែបានសម្លាប់មនុស្ស ០៤នាក់ទៀត ខណៈភ្លើងឆេះព្រៃឈ្មោះ ក្លាសហ្វាយអឺ (Glass Fire) វិញ កំពុងបង្កឲ្យប្រជាជនជម្លៀសខ្លួនថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។

ភ្លើងឆេះព្រៃ Zogg Fire បានដុតបំផ្លាញផ្ទៃដីខ្ទង់ ២១,០០០ហិកតានៅតំបន់ ហ្សាស្តា (Shasta) ហើយក្រុមអ្នកពន្លត់អគ្គីភ័យអាចគ្រប់គ្រងវាបានតែ ៧ភាគរយប៉ុណ្ណោះ។ ចំណែកភ្លើងឆេះព្រៃនៅតំបន់ សូណូម៉ា (Sonoma) និង ណាប៉ា (Napa) វិញបានរាលដាលលើផ្ទៃដីជាង ៨០០ហិកតាថែមទៀត ក្នុងពេលត្រឹមមួយយប់ប៉ុណ្ណោះ។ ជារួមភ្លើងឆេះព្រៃដ៏សាហាវនេះបានដុតបំផ្លាញផ្ទៃដីជិត ២០,០០០ហិកតា គិតត្រឹមព្រឹកថ្ងៃពុធសប្តាហ៍នេះជាមួយកម្រិតគ្រប់គ្រងបានត្រឹម ២ភាគរយប៉ុណ្ណោះ។

នៅជុំវិញបញ្ហាភ្លើងឆេះព្រៃខាងលើ អាជ្ញាធរតំបន់ Sonoma បានគូសបញ្ជាក់ថា «យើងបានណែនាំឲ្យមានការជម្លៀសប្រជាជនសាជាថ្មី ជាពិសេសនៅតាមតំបន់ដែលយើងមិនអាចគ្រប់គ្រងបាន ខណៈដែលមនុស្ស ០៥នាក់ត្រូវបានចាប់ខ្លួន ក្រោយពួកគេបន្តស្ថិតក្នុងតំបន់ ដែលតម្រូវឲ្យមានការជម្លៀសខ្លួនដោយគ្មានការអនុញ្ញាត។

រហូតមកទល់ពេលនេះ អគារសរុបចំនួន ១១៥ខ្នង ក្នុងនោះរួមមានទាំងផ្ទះចំនួន ៨០ខ្នង និងកន្លែងផលិតស្រាក្រហមមួយចំនួនត្រូវបានបំផ្លាញ ហើយមនុស្សជាង ២២,០០០នាក់ កំពុងរងការគំរាមកំហែងដោយសារតែអណ្តាតភ្លើង ដែលកំពុងឆាបឆេះកាន់តែខ្លាំង នៅភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា។

គួរបញ្ជាក់ថា ទីភ្នាក់ងារព្យាករណ៍អាកាសធាតុនៃរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសពីកម្រិតអាសន្នពណ៌ក្រហម អំពីគ្រោះថ្នាក់នៃឆ្លើងឆេះព្រៃ នៅតាមតំបន់ឆ្នេរសមុទ្រភាគខាងជើង និងតំបន់ជុំវិញនោះចាប់ផ្តើមពីរសៀលថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក)។ ទន្ទឹមគ្នានេះ អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា ក៏បានព្រមានពីការធ្លាក់ចុះនៃគុណខ្យល់បង្កឡើងដោយផ្សែងភ្លើងឆេះព្រៃ ដែលអាចប៉ះពាល់ដល់សុខភាពផងដែរ៕