(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកលឈ្មោះ នៀលសិន (Nielsen) នៅថ្ងៃពុធសប្ដាហ៍នេះបានបញ្ជាក់ថា មនុស្សតែជាង ៧៣លាននាក់ប៉ុណ្ណោះ​បានទស្សនាការតស៊ូមតិលើកដំបូងរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងដៃគូប្រកួតប្រជែងរបស់លោក គឺលោក ចូ បៃដិន (Joe Biden)។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។

បើតាមក្រុមហ៊ុន Nielsen មនុស្សសរុប ៧៣.១លាននាក់បានតាមដានទស្សនា ការជជែកវែកញែកតទល់គ្នាជាលើកដំបូងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដៃគូប្រកួតប្រជែងរបស់លោកគឺលោក ចូ បៃដិន ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ (ពេលវេលានៅអាមេរិក)។ ចំនួនអ្នកទស្សនានេះ គឺបានធ្លាក់ចុះរហូតដល់ ១៣ភាគរយឯណោះ បើប្រៀបធៀបទៅនឹងការជជែកវែកញែកតទល់គ្នាលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែលជាដៃគូប្រកួតប្រជែងរបស់លោក កាលពីឆ្នាំ២០១៦ ដោយកាលណោះមានមនុស្សជាង ៨៤លាននាក់បានតាមដានទស្សនា។

ក្នុងការជជែកវែកញែកតទល់គ្នានោះ លោក ត្រាំ និងលោក បៃដិន បានលើកឡើងពីបញ្ហាជាច្រើន រួមមានការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតសកល (COVID-19), ការថែទាំសុខភាពជាទូទៅ, កុប្បកម្មប្រឆាំងនឹងប៉ូលិស និងការរើសអើងពូជសាសន៍, ពន្ធ, បរិស្ថាន, និងភាពសុក្រិត្យភាពនៃការបោះឆ្នោតនាពេលខាងមុខនេះ។

គួរបញ្ជាក់ថា ការតស៊ូមតិប្រធានាធិបតីពីរលើកទៀត គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា នៅរដ្ឋផ្លរីដា (Florida) និងថ្ងៃទី២២ ខែតុលា នៅរដ្ឋថេនណេសស៊ី (Tennessee) ខណៈការតស៊ូមតិនៃបេក្ខភាពអនុប្រធានាធិបតី គ្រោងនឹងធ្វើឡើងតែមួយលើកទៀតប៉ុណ្ណោះនៅថ្ងៃទី០៧ ខែតុលា នៅរដ្ឋយូតាហ៍ (Utah)។ សម្រាប់ការតស៊ូមតិកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមអ្នកវាយតម្លៃបានមើលឃើញថា លោក ចូ បៃដិន ជាអ្នកនាំមុខលោក ដូណាល់ ត្រាំ៕