(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅពីថ្ងៃពុធនេះថា វាគឺដល់ពេលហើយ ដែលប្រទេសនានាត្រូវចាប់ផ្តើមប្រើប្រាស់កញ្ចប់ថវិកា នៃផែនការឆ្លើយតបនឹងជំងឺ COVID-19 របស់ខ្លួន ដើម្បីជួយដល់កម្មវិធីថ្នាំវ៉ាក់សាំង របស់អង្គការសុខភាពពិភពលោក(WHO) ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯអង្គការសហប្រជាជាតិ ប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងយ៉ាងដូច្នេះថា«កម្មវិធី ACT-Accelerator (ដែលជាកម្មវិធីជម្រុញសកម្មភាព ដើម្បីស្វែងរកវ៉ាក់សាំង និងការព្យាបាល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក) គឺជាមធ្យោបាយដែលមានសុវត្ថិភាពតែមួយគត់ ដើម្បីបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចពិភពលោក ឲ្យបានឆាប់រហ័យ តាមដែលអាចធ្វើទៅបាន»។

ប៉ុន្តែអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា«យើងនឹងមិនអាចសម្រេចគម្រោងមួយនេះបានទេ ប្រសិនបើម្ចាស់ជំនួយគ្រាន់តែបែងចែកធនធាន តែពីថវិកាជំនួយអភិវឌ្ឍន៍របស់ខ្លួននោះ។ យើងត្រូវគិតឲ្យធំជាងនេះ។ វាគឺដល់ពេលហើយសម្រាប់ប្រទេសនានា ក្នុងការដកថវិកាជាតិ សម្រាប់ការឆ្លើយតបនិងការស្តារឡើងវិញរបស់ពួកគេ ដើម្បីជួលដល់កម្មវិធីថ្នាំវ៉ាក់សាំងសកល របស់អង្គការសុខភាពពិភពលោក»។

គួរជម្រាបថា រហូតមកទល់ពេលនេះ កម្មវិធីជម្រុញសកម្មភាព (ACT-Accelerator) ដែលជាកិច្ចសហការថ្នាក់សកល ដើម្បីស្វែងរកវ៉ាក់សាំង និងការព្យាបាល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទទួលបានទឹកប្រាក់សរុបជិត«៣ពាន់លានដុល្លារអាមេរិក» ប៉ុន្តែពួកគេត្រូវការថវិកាចំនួន ៣៥ពាន់លានដុល្លារបន្ថែមទៀត ដើម្បីបង្គ្រប់ផែនការ។ ផែនការនេះ មានគោលដៅផ្តល់ថ្នាំវ៉ាក់សាំង COVID-19 ចំនួន ២ពាន់លានដូសនៅដំណាច់ឆ្នាំក្រោយ៕