(ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌា នៅថ្ងៃពុធនេះបានរាយការណ៍ថា ប្រទេសនេះបានបាញ់សាកល្បងដោយជោគជ័យ នូវគ្រាប់មីស៊ីលឈ្មោះថា ប្រាហ៍ម៉ូស (BrahMos) ដែលអាចវាយប្រហារគោលដៅនៅរយៈចម្ងាយជាង ៤០០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

សារព័ត៌មានខាងលើបានឲ្យដឹងទៀតថា ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងក្រោមគម្រោង PJ-10 របស់អង្គភាពស្រាវជ្រាវ និងអភិវឌ្ឍបរិក្ខាការពារជាតិ ហៅកាត់ថា DRDO។ នេះគឺជាការបាញ់សាកល្បងលើកទី ២ហើយ នៃគ្រាប់មីស៊ីលប្រភេទខាងលើ ដោយទើបតែត្រូវបានបង្កើនសមត្ថភាពឲ្យកាន់តែទំនើបជាងមុន។

គួរបញ្ជាក់ថា គ្រាប់មីស៊ីល BrahMos គឺជាប្រភេទមីស៊ីលផ្លោងរយៈមធ្យម ដែលអាចបាញ់បានចេញនាវាមុជទឹក នាវាចម្បាំង យន្ដហោះចម្បាំង និងតាមទម្របាញ់បង្ហោះចល័តនៅលើដីផងដែរ។ BrahMos ត្រូវបានបង្កើតឡើងក្រោមការបណ្តាក់ទុនរួមគ្នារវាង DRDO និងក្រុមហ៊ុនរដ្ឋរុស្ស៊ី FSUE-NPO-M (Federal State Unitary Enterprise NPO Mashinostroyenia) របស់ប្រទេសរុស្ស៊ី។ គ្រាប់មីស៊ីលនេះត្រូវបានបង្កើតដំបូង ដោយវាយប្រហារត្រឹមរយៈចម្ងាយ ២៩០គីឡូម៉ែត្រប៉ុណ្ណោះ និងសមត្ថភាពផ្ទុកក្បាលគ្រាប់ទម្ងន់ ៣០០គីឡូក្រាម៕