(គុយវ៉ែត)៖ ព្រះរាជទាយាទនៃប្រទេសគុយវ៉ែត ព្រះអង្គម្ចាស់ ហ្សេក ណាវ៉ាហ្វ (Sheikh Nawaf) នាថ្ងៃពុធនេះបានធ្វើព្រះរាជពិធីសច្ចាប្រណិធាន នៅចំពោះមុខរដ្ឋសភាគុយវ៉ែត ដើម្បីស្នងរាជ្យជាព្រះមហាក្សត្រទី ១៦ របស់ប្រទេសអារ៉ាប់មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ព្រះអង្គម្ចាស់ Sheikh Nawaf មានបន្ទូលថា រដ្ឋធម្មនុញ្ញគុយវ៉ែតបានធានានូវ ការធ្វើអន្តរកាលថ្នាក់ដឹកនាំយ៉ាងរលូន ដើម្បីរក្សានូវស្ថិរភាព និងនិរន្តរភាពរបស់ប្រទេសជាតិ។ ទ្រង់ប្រសូតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៣៧ ដោយបច្ចុប្បន្នមានព្រះជន្មាយុ ៨៣ព្រះវស្សា។ ទ្រង់ធ្លាប់កាន់តំណែងជា រដ្ឋមន្រ្តីមហាផ្ទៃគុយវ៉ែតចាប់ពីឆ្នាំ១៩៧៨ ហើយនៅឆ្នាំ១៩៨៨ ទ្រង់ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិ។

ព្រះរាជ្យក្រឹត្យមួយដែលបានចេញកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ បានតែងតាំងព្រះអង្គម្ចាស់ Sheikh Nawaf ជាឧបនាយករដ្ឋមន្រ្តីទី ១ និងជារដ្ឋមន្រ្តីមហាផ្ទៃ។ ចំណែកនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៦ ព្រះអង្គម្ចាស់ត្រូវបានតែងតាំងជាព្រះរាជទាយាទរបស់គុយវ៉ែតតែម្តង។

គួរជម្រាបថា ព្រះអង្គម្ចាស់ Sheikh Nawaf បានឡើងជាព្រះមហាក្សត្រថ្មី បន្ទាប់ពីអតីតព្រះមហាក្សត្រព្រះនាម ហ្សេក សាបាហ៍ (Sheikh Sabah) សោយទិវង្គតក្នុងព្រះជន្ម ៩១ព្រះវស្សា កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕