(យូអិន)៖ កិច្ចសន្ទនាពិគ្រោះយោបល់ នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំទី ៧៥ (UNGA 75) ត្រូវបានបិទបញ្ចប់ទៅហើយ នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងបុរីញូយ៉ក ដោយមេដឹកនាំពិភពលោក និងតំណាងប្រទេសភាគច្រើនបំផុត បានបង្ហាញការគាំទ្រទៅដល់ប្រព័ន្ធ «ពហុភាគីនិយម» ដែលជាមូលដ្ឋានគ្រឹះនៃអង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

លោក វ៉ុលកាន បូសកឺ (Volkan Bozkir) ប្រធាននៃសម័យប្រជុំ UNGA 75 បានប្រាប់​នៅក្នុងឱកាសបិទកិច្ចសន្ទនា តាមរយៈវីដេអូអនឡាញយ៉ាងដូច្នេះថា «តាមរយៈវត្តមានជាក់ស្តែង បណ្តាមេដឹកនាំនយោបាយរបស់យើងបានបង្ហាញការប្តេជ្ញាចិត្ត ចំពោះគោលការណ៍ពហុភាគីនិយម និងអង្គការសហប្រជាជាតិ។ មេដឹកនាំភាគច្រើនបំផុតបានបង្ហាញពីការប្តេជ្ញាចិត្តនេះ នៅក្នុងសុន្ទរកថារៀងៗខ្លួន។ មេដឹកនាំទាំងឡាយបានទទួលស្គាល់ថា ពហុភាគីនិយមពិតជាប្រព័ន្ធដ៏មានប្រសិទ្ធភាព នៅក្នុងការដោះស្រាយបញ្ហាប្រឈមនានា នៅទូទាំងសកលលោក»

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា «វាពិតជាមានសារៈសំខាន់ និងលក្ខណៈពិសេស ហើយនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ UN ដែលមេដឹកនាំពិភពលោកនានា មិនអាចមកកាន់ទីនេះដោយផ្ទាល់បាន។ ប៉ុន្តែប្រការនេះ មិនបានរារាំងប្រព័ន្ធពហុភាគីនិយម ក្នុងការធ្វើប្រតិបត្តិការកម្រិតខ្ពស់បំផុតនោះទេ»។ នៅក្នុងកិច្ចប្រជុំមហាសន្និបាតក្នុងឱកាសខួបឆ្នាំទី ៧៥ នៃការបង្កើត UN នោះ បញ្ហាធំៗចំនួនពីរបានលេចធ្លោឡើង នោះគឺជំងឺរាតត្បាតសកល COVID-19 និងការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា កិច្ចប្រជុំមហាសន្និបាត UN លើកនេះ សហរដ្ឋអាមេរិក និងប្រទេសចិនបានបង្ហាញការខ្វែងគំនិតគ្នាកាន់តែខ្លាំង ជាពិសេសគឺការចោទប្រកាន់របស់អាមេរិក ទៅលើប្រទេសចិនថា ជាអ្នកបង្កឲ្យជំងឺរាតត្បាតសកល COVID-19 រីករាលដាលពាសពេញពិភពលោក។ ប្រទេសចិនក៏បានឆ្លើយតបទៅអាមេរិកវិញខ្លាំងៗផងដែរ និងបានណែនាំអាមេរិក ឲ្យធ្វើខ្លួនសក្តិសមជាមហាអំណាចរបស់ពិភពលោក ខណៈដែលពិភពលោកបច្ចុប្បន្ននេះ ត្រូវការការរួមសហការគ្នា​ជាជាងការបង្ហាញចរិតនយោបាយគាំពារនិយម និងការទម្លាក់កំហុសឲ្យគ្នាដោយគ្មានការពិចារណា ដែលនឹងធ្វើឲ្យបញ្ហាកាន់តែរីកធំឡើង៕