(បាងកក)៖ មន្ត្រីជាន់ខ្ពស់ថៃមួយរូបនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសថៃនឹងទទួលភ្ញៀវទេសចរបរទេសឡើងវិញជាលើកដំបូង នៅពេលដែលជើងហោះហើរពីប្រទេសចិនមកដល់នៅសប្តាហ៍ក្រោយ ដែលបង្ហាញពីការចាប់ផ្តើមឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍នៅក្នុងប្រទេសអាស៊ានមួយនេះ ដែលបានរងផងប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការបិទប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃអង្គារ៍ ទី ២៨ ខែកញ្ញា ឆ្នាំ២០២០។
ប្រធានអាជ្ញាធរទេសចរណ៍ថៃលោក យុទ្ធថាសាក់ ស៊ូផាសន (Yuthasak Supasorn) បានប្រាប់សារព័ត៌មាន Reuters ថា ជើងហោះហើរលើកដំបូងនេះមានផ្ទុកភ្ញៀវទេសចរចិនប្រហែល ១២០នាក់ មកពីទីក្រុងក្វាងចូវ (Guangzhou) ប្រទេសចិន ជាជើងហោះហើរត្រង់មកកាន់កោះរមណីយដ្ឋានភូកេត។ ការសម្រេចខាងលើធ្វើឡើងក្រោយ ប្រទេសថៃរក្សាបានចំនួនករណីឆ្លងជំងឺ COVID-19 នៅត្រឹម ៣,៥៥៩ករណីក្នុងនោះ មនុស្ស ៥៩នាក់បានស្លាប់ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការហាមឃាត់ភ្ញៀវបរទេសចាប់តាំងពីខែមេសាមកម្ល៉េះ ហើយរំពឹងថានឹងធ្លាក់ចុះ ៨.៥ភាគរយ នៅឆ្នាំ២០២០នេះ។
លោក Yuthasak បានគូសបញ្ជាក់ថា ភ្ញៀវទេសចរនឹងទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលវែង ចាប់ផ្តើមពីថ្ងៃទី៨ ខែតុលាតទៅ ហើយពួកគេនៅតែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល នៅពេលមកដល់ប្រទេសថៃ ប៉ុន្តែអាចស្នាក់នៅក្នុងសណ្ឋាគារ ដែលមានការសហការជាមួយអាជ្ញាធរពាក់ព័ន្ធបាន។ បន្ថែមពីលើនេះ ពួកគេក៏តម្រូវឲ្យមានធានារ៉ាប់រងសុខភាព និងការធ្វើតេស្តអវិជ្ជមានចំពោះ COVID-19 រយៈពេល៧២ម៉ោង មុនពេលធ្វើដំណើរ ហើយនឹងត្រូវធ្វើតេស្តពីរដងទៀត កំឡុងពេលនៃការធ្វើចត្តាឡីស័កផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Traisulee Traisoranakul រំពឹងថា ភ្ញៀវទេសចរចំនួន ១,២០០នាក់នឹងមកដល់ប្រទេសថៃនៅខែដំបូង និងអាចបង្កើតប្រាក់ចំណូលប្រមាណជា១ពាន់លានបាត (ប្រហែលជា ៣១.៥៥លានដុល្លារអាមេរិក) ហើយអាចកើនដល់១៤,៤០០នាក់សម្រាប់រយៈពេលមួយឆ្នាំ ដែលរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រមាណ ១២.៤ពាន់លានបាត។ ភ្ញៀវទេសចរបរទេសដែលអនុញ្ញាតឲ្យធ្វើដំណើរមកកាន់ប្រទេសថៃ គឺមកពីប្រទេសមួយចំនួន ដែលរដ្ឋាភិបាលថៃចាត់ទុកជាប្រទេសជោគជ័យក្នុងការប្រយុទ្ធប្រឆាំង COVID-19 ដូច្នេះហើយគឺបង្កហានិភ័យទាប។
នៅជុំវិញបញ្ហាខាងលើនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ក្រុមអ្នកយកព័ត៌មានដូច្នេះថា «យើងមិនទាន់បើកប្រទេសទាំងស្រុងនៅឡើយទេ ប៉ុន្តែយើងកំណត់ចំនួនភ្ញៀវទេសចរ តាមរយៈការពាក់កងដៃដែលភ្ជាប់ជាមួយនឹងកម្មវិធីទូរស័ព្ទដើម្បីតាមដានពួកគេ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានព្យាករណ៍ថាភ្ញៀវទេសចរបរទេសចំនួន ៦.៧លាននាក់នឹងចូលមកប្រទេសថៃនៅឆ្នាំ ២០២០នេះ ដោយកាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសថៃទទួលបានភ្ញៀវទេសចររហូតដល់ ៣៩.៨លាននាក់ ហើយការចំណាយរបស់ពួកគេស្មើប្រមាណជា ១១.៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ ប្រទេសថៃ ឬស្មើនឹង ១.៩៣ ពាន់ពាន់លានបាត៕