(វ៉ាស៊ីនតោន)៖ គណបក្សប្រជាធិបតេយ្យនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ បានបង្ហាញពីកញ្ចប់ថិវិកាសង្គ្រោះបន្ទាន់ក្នុងទំហំទឹកប្រាក់រហូតដល់ ២.២ពាន់ពាន់លានដុល្លារអាមេរិក ដើម្បីព្យាយាមដាក់សម្ពាធលើសេតវិមាន និងគណបក្សសាធារណរដ្ឋឲ្យឈានដល់កិច្ចព្រមព្រៀង មុនការបោះឆ្នោតប្រធានាធិបតី នៅក្នុងខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន ស៉ីនហួរ នារសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។
ប្រធានសភាតំណាងរាស្ត្រលោកស្រី Nancy Pelosi កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ បានសរសេរលិខិតទៅកាន់សមាជិកសភាទាំងអស់នៃគណបក្សប្រជាធិបតេយ្យថា «កញ្ចប់ថវិកា២.២ពាន់ពាន់លានដុល្លារនេះ នឹងផ្តល់ធនធានចាំបាច់បំផុតក្នុងការពារជីវិតពលរដ្ឋអាមេរិក និងលទ្ធិប្រជាធិបតេយ្យរបស់យើង សម្រាប់រយៈពេលប៉ុន្មានខែខាងមុខ។ វាក៏បានរួមបញ្ចូលទាំងថវិកាសង្គ្រោះសម្រាប់សាលារៀន អាជីវកម្មខ្នាតតូច ភោជនីយដ្ឋាន រោងភាពយន្ត មហោស្រព អាកាសចរណ៍ និងអ្នកដែលរងផលប៉ះពាល់ដទៃទៀត»។
លើសពីនេះ រួមមានទាំងថវិកាជំនួយទំហំ៤៣៦ពាន់លានដុល្លារ ដែលត្រូវផ្តល់ទៅកាន់រដ្ឋនិងមូលដ្ឋាន នានា ព្រមទាំងសែកប្រាក់ចំនួន ១,២០០ដុល្លារបន្ថែមទៀតសម្រាប់ពលរដ្ឋអាមេរិក និងថវិកាជំនួយប្រចាំសប្តាហ៍ ដើម្បីទប់ទល់វិបត្តិមិនមានការងារធ្វើរហូតដល់ខែមករា ឆ្នាំក្រោយ។
គួររំឭកថា គណបក្សប្រជាធិបតេយ្យធ្លាប់បានរៀបចំសំណើកញ្ចប់ថិវិកាទំហំ៣.៤ពាន់ពាន់លានដុល្លារម្តងរួចទៅហើយ កាលពីខែឧសភាកន្លងទៅ ប៉ុន្តែមិនបានទទួលការគាំទ្រពីគណបក្សសាធារណរដ្ឋនោះទេ។ ចំណែកឯ សមាជិកព្រឹទ្ធសភានៃគណបក្ស សាធារណរដ្ឋ ក៏បានដាក់សំណើនូវកញ្ចប់ថវិកាចំនួន ១ពាន់ពាន់លានជំនួសវិញកាលពីចុងខែកក្កដាកន្លងទៅផងដែរ ប៉ុន្តែនៅទទួលបរាជ័យដូចគ្នានៅដើមខែនេះ។ ថ្មីៗនេះ លោកស្រី Pelosi បានទទូចថា បក្សប្រជាធិបតេយ្យមិនព្រមទទួលយកកញ្ចប់ថិវិកាណាមួយ ដែលទំហំទាបជាង ២.២ពាន់ពាន់លានដុល្លារនោះឡើយ។
នៅជុំវិញបញ្ហាខាងលើលោកស្រី Pelosi បានគូសបញ្ជាក់ថា «សមាជិកនៃគណបក្សប្រជាធិបតេយ្យបានធ្វើតាមការសន្យា ក្នុងការសម្របសម្រួលជាមួយសំណើកញ្ចប់ថវិកាថ្មីនេះ ដែលចាំបាច់ដើម្បីដោះស្រាយវិបត្តិសុខភាពសាធារណៈ និងសេដ្ឋកិច្ច ដែលពលរដ្ឋអាមេរិកកំពុងតែប្រឈមនៅចំពោះមុខ។ សំណើថ្មីរបស់គណបក្សប្រជាធិបតេយ្យបានធ្វើឡើងបន្ទាប់ពីលោកស្រី Pelosi ទើបតែបានបង្ហើបថា លោកស្រី និងរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin អាចនឹងមានឱកាសឈានដល់កិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងកញ្ចប់ថវិកាសង្រ្គោះសម្រាប់វិបត្តិ COVID-19»។
គួរបញ្ជាក់ថា ថ្លែងក្នុងសភាអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក Mnuchin បានសង្កត់ធ្ងន់ថា កញ្ចប់ថិវិកាសង្គ្រោះថ្មីនៅតែជារឿងចាំបាច់ ហើយរដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយខាងសភា ក្រោមការឯកភាពពីគណបក្សទាំងពីរ។ ទោះយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋមួយចំនួននៅតែសម្តែងការមិនពេញចិត្ត ហើយពួកគេមិនមានឆន្ទៈក្នុងការគាំទ្រកញ្ចប់ថិវិកាណាមួយដែលមានទំហំលើសពី ១.៥ពាន់ពាន់លានដុល្លារនោះទេ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើគណបក្សទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ថិវិកា COVID-19 មុនពេលបោះឆ្នោត ឬក៏យ៉ាងណានោះទេ៕