(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ឲ្យដឹងថា យោធាអាមេរិកចំនួន០៨នាក់ហើយបានស្លាប់ ដោយសារជំងឺឆ្លងរាតត្បាតសកល (COVID-19)។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។
ការស្លាប់នៃយោធាអាមេរិកទាំង ០៨នាក់ខាងលើនេះ ក៏ត្រូវបានរាប់បញ្ចូលទាំងតួលេខចុងក្រោយបង្អស់ ដែលបានរាយការណ៍កាលពីចុងខែសីហា កន្លងនេះផងដែរ ហើយអត្តសញ្ញាណរបស់ពួកគេ មិនត្រូវបានចេញផ្សាយភ្លាមៗនោះទេ។ ប៉ុន្តែពួកគេត្រូវបានគេរាយការណ៍ថាជាសមាជិកបម្រុងនៃកងទ័ពអាមេរិក។
មន្ទីរបញ្ចកោណ បានគូសបញ្ជាក់ឲ្យដឹងទៀតថា ករណីឆ្លង COVID-19 សរុបនៅស្ថាប័នរបស់ខ្លួនមានចំនួន ៦៥,៦៥៧ករណី ក្នុងនោះ៤៥,២៤៦ករណីជាយោធា, ១០,១០៩ករណីជាមន្ត្រីស៊ីវិល, ៦,០៣៤ករណីជាអ្នកនៅក្នុងបន្ទុក និង ៤,២៦៨ករណីទៀតជាមន្ត្រីខាងកិច្ចសន្យា។ ហើយក្នុងចំណោមចំនួនករណីឆ្លងសរុបខាងលើ មានអ្នកស្លាប់ចំនួន៩៦នាក់ ក្នុងនោះ ០៨នាក់ជាយោធា, ៥៩នាក់ជាមន្ត្រីស៊ីវិល, ០៧នាក់ជាអ្នកនៅក្នុងបន្ទុក និង២២នាក់ទៀតជាមន្ត្រីខាងកិច្ចសន្យា។
រហូតមកទល់ពេលនេះ អ្នកជំងឺចំនួន ៣០,៤៥០នាក់ហើយបានជាសះស្បើយពី COVID-19 ខណៈអ្នកជំងឺចំនួន៣៥,១១១នាក់ទៀតកំពុងបន្តសម្រាក នៅក្នុងមន្ទីរពេទ្យនៅឡើយ៕