(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនដកមន្ត្រីទូតអាមេរិកចេញពីប្រទេសអ៉ីរ៉ាក់ បន្ទាប់ពីបានព្រមានថានឹងបិទស្ថានទូតរបស់ខ្លួន ប្រចាំ ទីក្រុងបាកដាដ ប្រសិនបើរដ្ឋាភិបាលអ៉ីរ៉ាក់ មិនព្រមធ្វើសកម្មភាព ឬមិនអាចបញ្ឈប់ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ពីសំណាក់ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីត មកលើតំបន់ស្ថានទូតអាមេរិក តាំងនៅទេនោះ។ ការព្រមានបែបនេះបាន និងកំពុងបង្កឱ្យប្រជាជនអ៉ីរ៉ាក់ ភ័យខ្លាចថាប្រទេសរបស់ពួកគេអាចនឹងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម ឬសមរភូមិប្រយុទ្ធសាជាថ្មី។
បើតាមប្រព័ន្ធផ្សាយអ៉ីរ៉ាក់ ការព្រមានបិទស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយ ប្រធានាធិបតីអ៉ីរ៉ាក់ លោក បាហាម សាលីហ៍ (Barham Salih) និងនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ ខាទីមី (Mustafa al Kadhimi) កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រុមមន្ត្រី ចារកម្មអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហើបពីផែនការវាយប្រហារមួយចំនួនប្រឆាំងកងទ័ពអាមេរិក រួមទាំងស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអ៉ីរ៉ាក់ ដែលកំពុងរងការគំរាមកំហែង ពីសំណាក់ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
*ហានិភ័យនៃសង្រ្គាម?
ចាប់តាំងពីលោក ដូណាល់ ត្រាំ បញ្ជាឱ្យយន្ដហោះដ្រូនអាមេរិក បាញ់សម្លាប់អតីតមេទ័ពកំពូលអ៉ីរ៉ង់ លោក កាសេម សូឡៃមេនី (Qasem Soleimani) ក្នុងទីក្រុងបាកដាដ កាលពីដើម ឆ្នាំ២០២០ ស្ថានទូត និងមូលដ្ឋានទ័ពអាមេរិក នៅលើទឹកដីអ៉ីរ៉ាក់ តែងតែរងការគំរាមកំហែង និងវាយប្រហារដោយគ្រាប់រ៉ុក្កែត ឬបំផ្ទុះគ្រាប់បែកជារឿយៗពីសំណាក់ក្រុមសកម្ ប្រយុទ្ធ ស៊ីអ៉ីតគំាទ្រដោយអ៉ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោន ផ្ទាល់ក៏បានព្រមានឱ្យរដ្ឋាភិបាលទីក្រុងបាកដាដ ចាត់វិធានការទប់ស្កាត់ជាច្រើនលើកផងដែរ។ តែការវាយប្រហារនៅតែកើតមានដដែល រហូតដល់មានការព្រមានបិទស្ថានទូត។
ការព្រមានបែបនេះ បាន និងកំពុងបង្កឱ្យប្រជាជនអ៉ីរ៉ាក់ ភ័យខ្លាចថាប្រទេសរបស់ពួកគេអាចនឹងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម ឬសមរភូមិប្រយុទ្ធសាជាថ្មី ដ្បិតអាមេរិកដែលមាន កងទ័ពនៅលើទឹកដីអ៉ីរ៉ាក់ ស្រាប់ជាង ៥,០០០នាក់ អាចនឹងធ្វើសកម្មភាពយោធាភ្លាមៗ លើកងជីវពល ឬក្រុមសកម្មប្រយុទ្ធស៊ីអ៉ីត គាំទ្រដោយអ៉ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនចោទថា ជាអ្នកនៅពីក្រោយការវាយប្រហារប្រឆាំងប្រយោជន៍អាមេរិក។ ក្រុមមន្ត្រីចារកម្មអាមេរិក កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានបង្ហើបពីផែនការមួយចំនួនជុំវិញការវាយ ប្រហារលើកងទ័ព និងស្ថានទូតអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់។ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថាតើការវាយប្រហារទាំងនោះ នឹងកើតឡើងយ៉ាងដូចម្ដេចឡើយ ឬក៏ថានេះគឺជាមូលហេតុជំរុញឱ្យ រដ្ឋបាលលោក ត្រាំ កាត់បន្ថយចំនួនកងទ័ពអាមេរិក ឬក៏គម្រោងការកាត់បន្ថយមន្ត្រីទូត ដែរឬក៏យ៉ាងណានោះទេ?
ជាការពិត សំនួរថាតើសង្រ្គាមអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ផ្ទុះឡើងនៅពេលណា ឬផ្ទុះឡើងតាមផ្លូវណា? មិនទាន់មានចម្លើយពិតប្រាកដនៅឡើយទេ។ ការព្រួយបារម្ភពីការផ្ទុះសង្រ្គាម ធ្លាប់បានឈានដល់ចំណុចកំពូល ក្រោយអតីតមេទ័ពកំពូលអ៉ីរ៉ង់ លោក កាសេម សូឡៃមេនី (Qasem Soleimani) ត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិត ក្នុងទីក្រុងបាកដាដ កាលពីខែមករា ដើមឆ្នាំ២០២០។ អ៉ីរ៉ង់បានព្រមានសងសឹកឱ្យលោក សូឡៃមេនី រីឯលោក ត្រាំ ព្រមានថាកងទ័ពអាមេរិក នឹងបើកការវាយប្រហារដោយផ្ទាល់លើកងទ័ពអ៉ីរ៉ង់ បើសិនជា ទីក្រុងតេហេរ៉ង់ បំផ្លាញផលប្រយោជន៍អាមេរិក ឬហ៊ានវាយប្រហារណាមួយលើកងទ័ព ឬក៏ពលរដ្ឋអាមេរិកណាម្នាក់។
ជាការធ្វើតាមការសន្យា កុំឱ្យបាក់មុខ អ៉ីរ៉ង់បានបាញ់ស្រោចមីស៊ីលរាប់សិបគ្រាប់ ទៅលើមូលដ្ឋានទ័ពពីរកន្លែងនៅអ៉ីរ៉ាក់ ដែលមានកងទ័ពអាមេរិកឈរជើង នោះគឺមូលដ្ឋានទ័ព អេន អាល់អាស្សាដ (Ain al-Asad) ស្ថិតភាគខាងលិចអ៉ីរ៉ាក់ និងនៅមូលដ្ឋានមួយទៀត ក្នុងតំបន់ឃើដភាគខាងជើងប្រទេសអ៉ីរ៉ាក់។ ក៏ប៉ុន្តែចុងក្រោយ សង្រ្គាមមិនបានផ្ទុះឡើងដូចការ ព្រួយបារម្ភនោះទេ ដោយលោក ត្រាំ អះអាងថាការវាយប្រហាររបស់អ៉ីរ៉ង់ បង្កការខូចខាតតិចតួច រីឯអ៉ីរ៉ង់ថាការវាយប្រហារនោះ គឺត្រឹមតែជាសារព្រមាន និងបង្ហាញពីសមត្ថភាព មីស៊ីលរបស់ខ្លួនដែលអាចកំណត់ទីតាំងចំៗ ដោយចង់ឱ្យកងទ័ពអាមេរិកស្លាប់ក៏បាន របួសក៏បាន។
ដូចគ្នានេះដែរ ភាពតានតឹងបច្ចុប្បន្ន រវាងអាមេរិក និងអ៉ីរ៉ង់ ឬក៏ការព្រមានបិទស្ថានទូតអាមេរិក ប្រហែលជាលោក ត្រាំ ចង់ប្រើប្រាស់វាដើម្បីជាយុទ្ធសាស្ត្រស្វែងរកការគំាទ្រពីប្រជាជន អាមេរិក មុននឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកាឈានចូលមកដល់។ ព្រឹត្តិការណ៍កើតឡើងនៅស្ថានទូតអាមេរិក ក្នុងទីក្រុងបាកដាដ បានធ្វើឱ្យគេនឹកឃើញ ដល់ការវាយប្រហារលើស្ថានទូតអាមេរិកប្រចាំទីក្រុង Benghazi ប្រទេសលីប៊ី កាលពីខែកញ្ញា ឆ្នាំ២០១២ ដែលបានផ្ដាច់ជីវិតពលរដ្ឋអាមេរិក៤នាក់ ក្នុងនោះរួមមានទាំង អគ្គរដ្ឋទូតអាមេរិក លោក Chris Stevens។
ការវាយប្រហារក្នុងទីក្រុង Benghazi កើតមានឡើងចំពេលដំណាក់កាលចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងឆ្នាំដដែល។ គណបក្សសាធារណរដ្ឋ បានយកសំណុំរឿងនេះវាយប្រហារ និងរិះគន់ឥតសំច្ចៃមាត់លើអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ហើយវានៅតែបន្តលងបន្លាចលោកស្រី ហ៊ីលឡារី គ្លីន ដែល កាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក នៅពេលនោះ និងជាចំណែកមួយធ្វើឱ្យលោកស្រី ចាញ់លោក ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។
ដូច្នេះ ខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ ការព្រមានបិទស្ថានទូតអាមេរិក មិនមែនមានន័យថាសង្រ្គាមជាមួយអ៉ីរ៉ង់ផ្ទុះឡើងនោះទេ តែវាត្រូវបានគេមើលឃើញពីចំណុច ២ធំៗ៖ នោះគឺ លោក ត្រាំ អាចនឹងកាន់តែបង្ករឿងជាមួយអ៉ីរ៉ង់ ហើយបើមានការវាយប្រហារណាមួយប្រឆាំងផលប្រយោជន៍អាមេរិក វាអាចជាឱកាសល្អសម្រាប់លោកក៏ថាបាន ដ្បិត លោកត្រាំ នឹងមានទឹកមាត់ប្រៃប្រាប់ប្រជាជនអាមេរិកថា អ្វីដែលរដ្ឋបាលរបស់លោកកំពុងធ្វើ រួមមានទាំងការកាត់បន្ថយចំនួនកងទ័ព, មន្ត្រីទូត, ការដកអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ និងការដាក់ទណ្ឌកម្មឡើងវិញប្រឆាំងអ៉ីរ៉ង់ជាដើម គឺជានយោបាយដ៏ត្រឹមត្រូវ,កំពុងដើរលើផ្លូវត្រូវ និងដើម្បីការពារផលប្រយោជន៍អាមេរិកទាំងស្រុង។
ទី២៖ គឺលោក ត្រាំ ចង់ដាក់សម្ពាធឱ្យរដ្ឋាភិបាលអ៉ីរ៉ាក់ ដែលកំពុងស្និទទៅរកអ៉ីរ៉ង់ ចាត់វិធានការទប់ស្កាត់ការវាយប្រហារពីកងជីវពលស៊ីអ៉ីត។ នៅក្នុងន័យនេះ បើអ៉ីរ៉ាក់ព្រមធ្វើ នោះទំនាក់ទំនងរវាងទីក្រុងបាកដាដ និងទីក្រុងតេហេរ៉ង់ អាចនឹងរង្គោះរង្គើរ ហើយបើអ៉ីរ៉ាក់មិនព្រម ឬមិនអាចវិញ នោះលោក ត្រាំ អាចប្រើឱកាសនេះ ដើម្បីបង្ហាញបណ្ដាប្រទេស អារ៉ាប់ទាំងអស់ពីការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់អ៉ីរ៉ង់ ដែលតម្រូវ ឬបង្ខំឱ្យពួកគេប្រមូលកម្លាំងគ្នា នោះគឺធ្វើតាម «អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន» ដោយភ្ជាប់ទំនាក់ទំនងទូត ឡើងវិញជាមួយអ៉ីស្រាអែល ដើម្បីរួមគ្នាដៃគ្នាប្រឆាំងអ៉ីរ៉ង់។ នេះអាចជាជោគជ័យខាងនយោបាយការបរទេស ដែលលោក ត្រាំ ចង់បាន និងចង់ប្រាប់ប្រជាជនអាមេរិកថាគ្មាន ប្រធានាធិបតីអាមេរិកណាម្នាក់ អាចធ្វើដូចលោក បាននោះទេ នោះគឺធ្វើឱ្យអារ៉ាប់ និងអ៉ីស្រាអែលត្រូវគ្នាវិញ។
*លោក ត្រាំ នឹងបិទស្ថានទូតឬ?
បើតាមសារព័ត៌មាន Politico គេមិនទាន់ដឹងច្បាស់នៅឡើយ ថាតើរដ្ឋបាលលោក ដូណាល់ ត្រាំ កំណត់អត្ថន័យនៃការបិទស្ថានអាមេរិក ប្រចាំទីក្រុងបាកដាដ ត្រឹមកម្រិតណានោះទេ ពោលគឺថាតើអាមេរិក អាចនឹងដកមន្ត្រីទូតរបស់ខ្លួនចេញទាំងអស់ ឬមួយផ្នែក ឬក៏រក្សាមន្ត្រីសំខាន់ៗមួយចំនួនដដែល។ ប៉ុន្តែ ជម្រើសមួយដែលអាមេរិក នឹងធ្វើពេលបិទស្ថានទូត ក្នុងទីក្រុងបាកដាដ ទំនងជាផ្ទេរបុគ្គលិកទូត ឬបង្កើនសកម្មភាពទៅកាន់ស្ថានកុងស៊ុលអាមេរិក ប្រចាំទីក្រុង Erbil នៃតំបន់ស្វយ័តឃើដ ក្នុងប្រទេសអ៉ីរ៉ាក់។
នៅពេលសាកសួរពីផែនការបិទស្ថានទូត អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក មិនបានឆ្លើយតបចំៗឡើយ ដោយអះអាងថាវាគឺជាកិច្ចការសំងាត់នៃកិច្ចសន្ទនារវាង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ប៉ុមប៉េអូ។ តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបាននិយាយថាសហរដ្ឋអាមេរិក នឹងមិនអត់ឱនឱ្យជាដាច់ចំពោះការគំរាមកំហែងមកលើ បុគ្គលិកទូតអាមេរិក, ផលប្រយោជន៍ ឬពលរដ្ឋអាមេរិក នៅឯបរទេស។ ជុំវិញបញ្ហានេះដែរ ក្រុមមន្ត្រីអ៉ីរ៉ាក់ បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន ពិចារណាឡើងវិញ ព្រោះការបិទស្ថានទូត អាចនឹងបំផ្លាញដល់ទំនាក់ទំនងនៃប្រទេសទាំង២ ស្របពេលអ្នកជំនាញអ៉ីរ៉ាក់ថាការសម្រេចចិត្តបិទស្ថានទូតរបស់សហរដ្ឋអាមេរិក គឺបង្ហាញថាអ៉ឺរ៉ង់គឺជាអ្នកឈ្នះ ដ្បិតអ៉ីរ៉ងចង់ឃើញ អាមេរិកដកខ្លួនចេញពីអ៉ីរ៉ាក់ ជាយូរណាស់មកហើយ។
ក៏ប៉ុន្តែ ផ្ទុយពីការយល់ឃើញរបស់ក្រុមអ្នកជំនាញអ៉ីរ៉ាក់ លោក Michael Pregent ជាអ្នកជំនាញខាងតំបន់មជ្ឈិមបូព៌ា មកពីវិទ្យាស្ថាន Hudson Institute យល់ថាការព្រមានបិទស្ថានទូតអាមេរិក «ជាល្បែងនយោបាយ» ហើយមូលហេតុនៃការ ព្រមាននេះ នោះគឺទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យរដ្ឋាភិបាលអ៉ីរ៉ាក់ ធ្វើសកម្មភាពប្រឆាំងនឹងកងជីវពល ឬក្រុមសម្មប្រយុទ្ធ គាំទ្រដោយអ៉ីរ៉ង់។ លោកបន្ថែមទៀតថា តាមការពិតទៅអ៉ីរ៉ង់ ក៏មិនចង់ឃើញអាមេរិកផ្ដាច់ទំនាក់ទំនងជាមួយអ៉ីរ៉ាក់ដែរ ពីព្រោះសេដ្ឋកិច្ចអ៉ីរ៉ង់មួយផ្នែក គឺពឹងលើការរកស៊ីជាមួយអ៉ីរ៉ាក់ ដូច្នេះបើ បើអ៉ីរ៉ាក់ គ្មានការគំាទ្រពីសហរដ្ឋអាមេរិក អ៉ីរ៉ង់ក៏ខាតបង់តាមហ្នឹងដែរ៕
ប្រភព៖ Politico