(សេអ៊ូល)៖ មន្រី្តជនផលកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ នៅឯតំបន់ព្រំដែនសមុទ្រនៃប្រទេសកូរ៉េទាំង២ កាលពីសប្ដាហ៍មុន តាមពិតគឺមាន បំណងរត់ទៅកាន់កូរ៉េខាងជើង ខណៈមានរបាយការណ៍បឋមមួយថារូបគេជំពាក់បំណុលរាប់ម៉ឺនដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។
ដោយផ្អែកលើការស៊ើបអង្កេតលើកាម៉េរ៉ាសុវត្ថិភាព, ចារកម្មយោធា និងព័ត៌មានផ្ទាល់ខ្លួនមួយចំនួន លោក Yoon Sung-hyun ជាប្រធានក្រុមស៊ើបអង្កេត និងចារកម្មនៃ ឆ្មាំសមុទ្រកូរ៉េខាងត្បូង បានឱ្យដឹងថាមន្ត្រីជនផលកូរ៉េខាងត្បូងខាងលើ បានប្រាប់ទាហានកូរ៉េខាងជើងពីបំណងចង់រត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង។ លោក Yoon បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានរកឃើញថាខាងកូរ៉េខាងជើង ទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ដូចជាឈ្មោះ, អាយុ, ទីកន្លែងកំណើត, និងកម្ពស់ ហើយមន្ត្រីដែលបាន បាត់ខ្លួននេះ បានប្រាប់ទាហានកូរ៉េខាងជើង ពីបំណងរត់ទៅកាន់កូរ៉េខាងជើង»។
លោក Yoon បន្ថែមទៀតថា មន្ត្រីជលផលកូរ៉េខាងត្បូងដែលបានបាត់ខ្លួន បានជំពាក់បំណុលច្រើនជាង ៥៨លានវ៉ុន ឬស្មើនឹង ៤៩,៦០០ដុល្លារ។ ប៉ុន្តែ គេមិនទាន់អាចបញ្ជាក់បាន ថាតើមន្ត្រីរូបនេះចង់រត់ទៅកូរ៉េខាងជើង ដោយសារជំពាក់បំណុល ឬក៏យ៉ាងណានោះ ខណៈក្រុមបងប្រុសបង្កើតជនរងគ្រោះចេញមុខបដិសេធដោយអះអាងថាប្អូនរបស់ខ្លួន គ្មានហេតុផលអ្វីចង់រត់ទៅកូរ៉េខាងជើងឡើយ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង បានចោទប្រកាន់ថាកូរ៉េខាងជើង ថាបានបាញ់សម្លាប់ និងដុតបំផ្លាញសាកសពមន្រី្តជនផលកូរ៉េខាងត្បូងម្នាក់ ហើយដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានផ្ញើសារបង្ហាញការសោកស្ដាយ និងសូមទោសផងដែរ។ ប៉ុន្តែ បញ្ជាក់ថាមិនបានដុតបំផ្លាញសាកសពមន្ត្រីរូបនេះឡើយ ជាមួយការព្រមានកូរ៉េខាងត្បូង ដាច់ខាត កុំពង្រីកការស៊ើបអង្កេតស្វែងរកសាកសព រហូតដល់ចូលក្នុងដែនទឹកកូរ៉េខាងជើង៕