(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះបានថ្លែងថា ប្រទេសចិនគាំទ្រតួនាទីសំខាន់របស់អង្គការសហប្រជាជាតិ (UN) ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺ COVID-19 ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួល ជាមួយស្ថាប័នអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
លោក Wang បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក វូលកាន បូសកឺ (Volkan Bozkir) ប្រធានសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។ តាមរយៈសុន្ទរកថានៃប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) លោក Wang បានគូសបញ្ជាក់យ៉ាងដូច្នេះថាថា «ប្រទេសចិនបានប្តេជ្ញាការពារពហុភាគីនិយម ដែលជាស្នូលរបស់ UN ហើយបានអំពាវនាវឲ្យពង្រឹង និងកែលម្អនូវអភិបាលកិច្ចពិភពលោក ដើម្បីកសាងសហគមន៍អន្តរជាតិមួយ ដែលចែករំលែកអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ លើសពីនេះ ប្រទេសចិនក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ដំណោះស្រាយ ចំពោះបញ្ហាប្រឈមសន្តិសុខនានាផងដែរ»។
ប្រទេសចិនបេ្តជ្ញាបន្តគាំទ្រតួនាទីរបស់ UN ដើម្បីសម្រេចគោលដៅអន្តរជាតិរួម ហើយមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយស្ថាប័នអន្តរជាតិមួយនេះ ដើម្បីប្រឆាំងរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងប្រែក្លាយជំងឺ COVID-19 ឲ្យទៅជាអាវុធនយោបាយ។ លោក Wang បានបន្ថែមទៀតថា ឥឡូវនេះពិភពលោកបានឈានចូលយុគសម័យនៃការតភ្ជាប់គ្នា ដូច្នេះហើយទង្វើឯកតោភាគីនិយម និងការគាំពារនិយមបានដើរដល់ទីបញ្ចប់ហើយ។
ជុំវិញបញ្ហានេះ លោក Bozkir បានលើកឡើងថា ក្នុងនាមជាប្រធានបច្ចុប្បន្ននៃ UNGA លោកនឹងផ្តោតសំខាន់លើបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (Sustianable Development Goals) ដើម្បីឆ្ពោះទៅរកគោលដៅក្នុងការលុបបំបាត់ភាពក្រីក្រ និងជួយប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍ។
គួរជម្រាបថា ការពង្រឹង និងការពារជំហរពហុភាគីនិយម គឺជាអាទិភាពរបស់ UNGA ហើយទីក្រុងប៉េកាំងដែលជាតួអង្គដ៏សំខាន់មួយលើឆាកអន្តរជាតិ បានជំរុញឲ្យស្តារឡើងវិញនូវប្រព័ន្ធពហុភាគីនិយម និងអំពាវនាវឲ្យពិភពលោករួបរួមគ្នាឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 និងជួសជុលការប្រេះស្រាំ ដែលអាចបង្កឲ្យពិភពលោកអន្តរាយទៅថ្ងៃមុខ៕