(ប៊ែរឡាំង)៖ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែរួមដៃគ្នា ប្រឈមមុខនឹងសង្គ្រាមត្រជាក់ថ្មីមួយ ជាមួយប្រទេសចិន ទោះបីជានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខនេះក៏ដោយ ខណៈប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រកាសកាលពីថ្មីៗនេះថា ចិនគ្មានបំណងធ្វើសង្រ្គាមត្រជាក់ ជាមួយប្រទេសណាមួយឡើយ។ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ម្នាក់ ដកស្រង់ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
លោក ភីធើ បេយើ (Peter Beyer) ជាអ្នកសម្របសម្រួលរបស់រដ្ឋាភិបាលអាលឺ្លម៉ង់ សម្រាប់ទំនាក់ទំនងជាអាមេរិក និងកាណាដា បានធ្វើការកត់សម្គាល់ដូចខាងលើប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។ បើតាមលោក Beyer សង្រ្គាមត្រជាក់ថ្មីមួយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានចាប់ផ្ដើមឡើងហើយ ដូច្នេះអឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែដៃរួមគ្នា ទោះបីជានរណានឹងក្លាយជាប្រធានាធិបតីថ្មីនៅអាមេរិក នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះក៏ដោយ ដ្បិតភាគីទាំងពីរមានប្រយោជន៍រួម ច្រើនជាងការខ្វែងគំនិតគ្នា។
ប៉ុន្តែទន្ទឹមគ្នានេះ លោក Beyer ក៏បានទទួលស្គាល់ផងដែរថា ទំនាក់ទំនងរវាងអាមេរិក និងអាល្លឺម៉ង់អាចនឹងប្រសើរឡើង ប្រសិនបើលោក ចូ បៃ ដិន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ អ្នកសម្របសម្រួលរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំហ៊ាននិយាយថា បើសិនជាលោក ចូ បៃដិន ឈ្នះឆ្នោតនោះអ្វីៗនឹងប្រសើរឡើងវិញ ហើយវាគឺជាការចាប់ផ្ដើមឡើងវិញនូវសករាជមាស... ម្យ៉ាងវិញទៀត ទោះជាភាពចម្រូងចម្រាសមិនអាចលុបបំបាត់ចោលទាំងស្រុង តែនៅក្រោមរដ្ឋបាលលោក បៃដិន ទំនាក់ទំនងអន្តរអាត្លង់ទិក នឹងមានគួរឱ្យពេញចិត្តឡើងវិញ»។
គួរបញ្ជាក់ថា ក្នុងអាណត្តិជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ ជិតបួនឆ្នាំមកនេះ ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានកើតមានភាពតានតឹងនឹងគ្នាជាច្រើន ក្នុងនោះរួមទាំងមានសំណុំរឿងអ៉ីរ៉ង់, វិស័យពាណិជ្ជកម្ម និងអង្គការ NATO ដែលលោក ត្រាំ ផ្ទាល់បានចោទថា ទីក្រុងប៊ែរឡាំងមិនបានបង្កើនកញ្ចប់ថវិកាការពារជាតិតាមការស្នើសុំ ដែលជាហេតុនាំឱ្យលោក ត្រាំ ប្រកាសកាត់បន្ថយកងទ័ពអាមេរិកចេញពីអាល្លឺម៉ង់ចំនួន ៩,៥០០នាក់ ដែលធ្វើឲ្យចំនួនទ័ពអាមេរិកនៅអាល្លឺម៉ង់ ធ្លាក់មកនៅត្រឹម ២៥,០០០នាក់៕