(សៅប៉ូឡូ)៖ ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យ (ពេលវេលានៅប្រេស៊ីល) បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ជាង ៤,៧៣២,៣០0ករណីហើយ ខណៈប្រជាជនកាន់តែច្រើនសម្រុកទៅហាលថ្ងៃកម្សាន្ត នៅតាមតំបន់ឆ្នេរនានាជាពិសេសនៅទីក្រុងរីយ៉ូ ដែលកំពុងបង្កឲ្យមានការព្រួយបារម្ភថា ករណីឆ្លងនឹងបន្តកើនឡើងថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលប្រេស៊ីលបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១៤,៣១៨ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីៗចំនួន ៣៣៥នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេលដូចគ្នាផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ១៤១,៧៤១នាក់។
រដ្ឋសៅប៉ូឡូ (Sao Paulo) គឺជារដ្ឋដែលមានប្រជាជនច្រើនជាងគេនៅប្រទេសប្រេស៊ីល នៅតែជាចំនុចកណ្ដាលនៃការរាតត្បាតនៃវីរុសកូរ៉ូណា (COVID-19) ដដែល ដោយមានករណីឆ្លងជាង ៩៧២,១០០ករណី និងស្លាប់ជាង ៣៥,០០០នាក់ បន្ទាប់មកគឺរដ្ឋរីយ៉ូដឺហ្សេណេរ៉ូ (Rio de Janeiro) ដែលមានករណីឆ្លងជាង ២៦២,០០០ករណី និងស្លាប់ជាង ១៨,២០០នាក់។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីល គឺជាប្រទេសដែលមានអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ខ្ពស់ជាងគេនៅក្នុងអាមេរិកឡាទីន និងជាប្រទេសដែលឈរនៅលំដាប់ថ្នាក់លេខ ៣ លើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌាបានវ៉ាដាច់ខ្លួន កាលពីប៉ុន្មានសប្ដាហ៍មុន ខណៈសហរដ្ឋអាមេរិកបន្តឈរនៅលេខរៀងទី ១ ដដែល៕