(ញូដេលី)៖ តាមទិន្នន័យចុងក្រោយដែលត្រូវបានចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៦,០៧៤,៧០២ករណីហើយ ក្នុងនោះមនុស្ស ៩៥,៥៤២នាក់បានស្លាប់។ នេះបើតាមការដកស្រង់ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលឥណ្ឌាបានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗចំនួន ៨២,១៧០ករណីបន្ថែមទៀត និងមនុស្ស ១,០៣៩នាក់បន្ថែមបានស្លាប់។ ដោយឡែកមនុស្សច្រើនជាង ៥លាននាក់បានជាសះស្បើយឡើងវិញ ខណៈដែលអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្ននៅសល់ ៩៦២,៦៤០នាក់។

គួរជម្រាបថា យោងតាមតួលេខរបស់ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) បានឲ្យដឹងថា ប្រទេសឥណ្ឌាបានធ្វើតេស្តរកជំងឺ COVID-19 លើមនុស្សជិត ៧២លាននាក់ ក្នុងនោះសំណាកពីមនុស្សច្រើនជាង ៧០ម៉ឺននាក់ត្រូវបានពិនិត្យ កាលពីថ្ងៃអាទិត្យម្សិលមិញ។ បើពិនិត្យទៅលើតួលេខនៃករណីឆ្លងសរុបខាងលើនេះ ឥណ្ឌាស្ថិតនៅក្រោមអាមេរិកតែជាង ១លាននាក់ប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកស្លាប់នៅអាមេរិកមានលើសឥណ្ឌារហូតដល់ជាង ២ដង៕