(វ៉ាស៊ីនតោន)៖ អត្រាយោធាអាមេរិក ធ្វើអត្តឃាតបានកើនឡើងយ៉ាងហោច ២០ភាគរយ នៅក្នុងឆ្នាំ២០២០នេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ កំឡុងការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយ Sputnik ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
ប្រភពខាងលើនេះបានឱ្យដឹងទៀតថា មូលហេតុចម្បងដែលបាននាំឱ្យអត្រាធ្វើអត្តឃាត នៅក្នុងជួរយោធាអាមេរិកកើនឡើងនោះអាចមកពីបញ្ហា COVID-19 ជាចម្បងតែម្តង។ ចំណែកឯបញ្ហាសម្ពាធផ្លូវចិត្ត នៅក្នុងជួរយោធាអាមេរិក ដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់កំពុងមានសង្រ្គាម, ដោះស្រាយ គ្រោះហន្តរាយនានាទូទាំងសហរដ្ឋអាមេរិក, ភាពចលាចលនៃបាតុកម្មរតវ៉ា បន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) កាលពីថ្ងៃទី២៥ ខែឧសភា សុទ្ធសឹងតែជាកត្តារួមផ្សំ ដែលបាននាំឲ្យអត្រាធ្វើអត្តឃាតកើនឡើងផងដែរ។
គួរជម្រាបថា អត្រាធ្វើអត្តឃាតជារួមនៅក្នុងចំណោមជួរយោធាអាមេរិក គឺត្រូវបានធ្វើឡើងដោយការបូកសរុប ភាគរយនៅតាមកងអង្គភាព នៃយោធាអាមេរិក ដោយក្នុងនោះកងទ័ពសកម្ម ៣០% ឬស្មើនឹង ១១៤នាក់បានសម្លាប់ខ្លួននៅក្នុងឆ្នាំ២០២០នេះ ធៀបទៅនឹងឆ្នាំ២០១៩ មាន ៨៨នាក់ ខណៈកងកម្លាំងឆ្មាំជាតិការធ្វើអត្តឃាតបានកើនឡើង ១០ភាគរយ ឬស្មើនឹង ៨៦នាក់នៅក្នុងឆ្នាំនេះ ធៀបទៅនឹងឆ្នាំមុនដែលមានតែ ៧៨នាក់ ហើយសម្រាប់កងទ័ពជើងទឹកអាមេរិកត្រូវបានគេជឿជាក់ថា មានអត្រាធ្វើអត្តឃាតទាបនៅក្នុងឆ្នាំនេះ។ បើតាមប្រភពដដែលអត្រាយោធាអាមេរិកដែលបានធ្វើអត្តឃាត នៅប៉ុន្មានខែដើមឆ្នាំ២០២០ ដែល COVID-19 មិនទាន់ផ្ទុះឡើងធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិកនោះ គឺមានកម្រិតទាបជាងកាលពីឆ្នាំ២០១៩៕