ប្រធានាធិបតីចិន សុី ជីនពីង អះអាងថា «សុភមង្គល» របស់ជនជាតិភាគតិចនៅតំបន់ស៊ីនជាំង បន្តកើនឡើង ក្រោយអនុវត្តយុទ្ធសាស្ត្របង្រៀនទស្សនៈត្រឹមត្រូវ ចំពោះប្រទេសជាតិ (Video inside)
27-09-2020 22:57
(ប៉េកាំង)៖ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានអះអាងថា កម្រិតនៃសុភមង្គល ក្នុងចំណោមជនជាតិភាគតិចទាំងអស់នៅតំបន់ភាគខាងលិចស៊ីនជាំង កំពុងកើនឡើង ហើយប្រទេសចិនគ្រោងនឹងបន្តបង្រៀនប្រជាជនរបស់ខ្លួន នូវទស្សនៈត្រឹមត្រូវនេះ ចំពោះប្រទេសចិនថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទបក្សកុម្មុយនិស្ត ស្តីអំពីតំបន់ស៊ីនជាំង លោកស៊ី ជីនពីង បានលើកឡើងថា «អារម្មណ៍នៃការទទួលបានសុភមង្គល និងសន្តិសុខ ក្នុងចំណោមប្រជាជនជនជាតិភាគតិចទាំងអស់ (នៅស៊ីនជាំង) បន្តកើនឡើង»។ ប្រធានាធិបតីចិនរូបនេះ បានសង្កត់ធ្ងន់ទៀតថា វាជាការចាំបាច់ក្នុងការអប់រំប្រជាជននៅស៊ីនជាំង លើការយល់ដឹងអំពីប្រជាជាតិចិន និងដឹកនាំក្រុមជនជាតិភាគតិចទាំងនោះ ឲ្យមានទស្សនវិស័យត្រឹមត្រូវ លើប្រវត្តិសាស្ត្រនិងសញ្ជាតិចិន។
«ការអនុវត្តវិធានការបានបង្ហាញថា យុទ្ធសាស្ត្ររបស់គណបក្ស សម្រាប់ការគ្រប់គ្រង(ជនជាតិភាគតិច)តំបន់ស៊ីនជាំង ក្នុងយុគសម័យថ្មី គឺត្រឹមត្រូវទាំងស្រុងហើយវាគួរតែជាយុទ្ធសាស្ត្ររយៈពេលវែង» នេះជាការបញ្ជាក់បន្ថែមរបស់លោកប្រធានាធិបតីចិន សុី ជិនពីង។
គួរជម្រាបថា ប្រទេសចិនបានរងការចោទប្រកាន់ និងរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អង្គការសហប្រជាជាតិ ក៏ដូចជាសហរដ្ឋអាមេរិកជុំវិញសំណុំរឿងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមអ៊ូហ្គួរ នៅតំបន់ស៊ីនជាំង។ បើតាមអង្គការសហប្រជាជាតិ មានជនជាតិអ៊ូហ្គួរប្រមាណជាង ១លាននាក់ កំពុងជាប់ក្នុងមន្ទីឃុំឃាំងដើម្បីលាងខួរក្បាល ខណៈខ្លះទៀតត្រូវបានគេគ្រៀវកុំឲ្យបន្តពូជបាន។ កាលពីខែកក្កដា ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើមន្រ្តីចិនជាច្រើនរូប ជុំវិញការចោទប្រកាន់ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិអ៊ូហ្គួរ នៅក្រោមច្បាប់ Global Magnitsky Act៕