(កូឡំបូ)៖ អាជ្ញាធរប្រទេសស្រីលង្កា បានសម្រេចបញ្ជូនកុងតឺន័រផ្ទុកកាកសំណល់ជាច្រើនគ្រឿង ត្រឡប់ទៅប្រទេសដើមវិញ គឺចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមហេតុកផលថា កាកសំណាល់សំរាមទាំងនេះបាននាំចូលប្រទេស ដោយបានបំពានលើច្បាប់អន្តរជាតិ ដែលគ្រប់គ្រងលើការដឹកជញ្ជូនសម្ភារៈគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០។
មន្ត្រីគយស្រីលង្កាបានបញ្ជាក់ប្រាប់ទីភ្នាក់ងារ AFP ថា កុងតឺន័រទាំងនោះមានចំនួន ២១គ្រឿង ផ្ទុកសំរាមប្រមាណ ២៦០តោន បានមកដល់កំពង់ផែដ៏សំខាន់មួយរបស់រដ្ឋធានីកូឡំបូ នៅចន្លោះខែកញ្ញា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០១៨កន្លងទៅ។ កុងតឺន័រទាំងនោះទៀតសោត ដើមឡើយគឺសម្រាប់ដឹកកំរាលព្រំដែលប្រើប្រាស់រួចប៉ុណ្ណោះ ប៉ុន្តែពួកគេបានបន្លំផ្ទុកកាកសំណល់មន្ទីរពេទ្យផងដែរ។
អ្នកនាំពាក្យគយលោក Sunil Jayaratne បានប្រាប់ AFP នៅថ្ងៃអាទិត្យនេះថា «ក្រុមហ៊ុនដឹកជញ្ជូនបានយល់ព្រម បញ្ជូនត្រឡប់កុងតឺន័រទាំង ២១ នោះ ទៅប្រទេសដើមវិញហើយ»។ លោកបានបន្ថែមថា «យើងកំពុងធ្វើការដើម្បីទទួលបានសំណង ពីអ្នកដែលទទួលខុសត្រូវលើការនាំចូលសំរាមទាំងនោះ ចូលក្នុងប្រទេស»។
គួរជម្រាបថា ប្រទេសជាច្រើននៅអាស៊ី ដែលមានការធុញទ្រាន់ជាខ្លាំង ក្នុងការប្រែក្លាយជាកន្លែងផ្ទុកសំរាម របស់ក្រុមប្រទេសអ្នកមានមួយចំនួន ក៏បានចាប់ផ្តែមបង្វែរកាកសំណល់ទាំងនោះទៅកាន់ប្រទេសប្រភពដើមវិញ៕