(សៀងហៃ)៖ ប្រទេសចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រ ពីនាវារុស្ស៊ីពីរគ្រឿងសម្រាប់រយៈពេល ៤សប្តាហ៍ បន្ទាប់ពីមន្ត្រីជំនាញបានរកឃើញវីរុសកូរ៉ូណា នៅលើ កញ្ចប់វេចខ្ចប់ផ្នែកខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។
ការិយាល័យគយចិន នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អាជ្ញាធរនៅខេត្តសានទុង (Shandong) ភាគខាងកើតនៃប្រទេសចិន បានប្រកាសថាទំនិញដែលនាំចូលដោយ នាវារុស្ស៊ីទាំងពីរខាងលើមានផ្ទុកវីរុសកូរ៉ូណា (COVID-19)។ ភ្លាមៗនោះ មន្ត្រីគយចិន បានចាត់វិធានការបន្ទាន់ដោយផ្អាកឈប់ទទួលយកសេចក្តីប្រកាសទំនិញ នាំចូល។
មួយរយៈចុងក្រោយនេះ ប្រទេសចិនបានបន្តរឹតបន្តឹងការនាំចូលគ្រឿងសមុទ្រពីបណ្តាប្រទេសមួយចំនួនដោយសារតែបញ្ហាជំងឺរាតត្បាត COVID-19 នៅលើសំបក វេចកញ្ចប់។ ជាក់ស្តែង កាលពីថ្ងៃសុក្រម្សិលមិញ មន្ត្រីគយចិនបានប្រកាសថាប្រទេសចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រពីក្រុមហ៊ុនមួយរបស់ប្រេស៊ីលសម្រាប់ រយៈពេលមួយសប្តាហ៍។
គួរជម្រាបថា កាលពីសប្តាហ៍មុន ប្រទេសចិន ក៏បានផ្អាកការនាំចូលគ្រឿងសមុទ្រពីប្រទេសឥណ្ឌូនេស៊ីផងដែរ បន្ទាប់ពីមន្ត្រីជំនាញរកឃើញថាត្រីក្លាសេមានផ្ទុក វីរុសកូរ៉ូណា។ អាជ្ញាធរនៅភាគឦសាននៃខេត្តជីលីន (Jilin) ថែមទាំងបានរកឃើញវីរុសកូរ៉ូណានៅលើកញ្ចប់វេចខ្ចប់ មឹកដែលនាំចូលពីប្រទេសរុស្ស៊ីទៀតផង៕