(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រជាជនអាមេរិក អាចនឹងត្រូវរង់ចាំជាច្រើនខែ ដើម្បីដឹងថានរណាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ ដោយសារតែជម្លោះពាក់ព័ន្ធនឹងការបោះឆ្នោតតាមប្រៃសនីយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

បើតាមក្រុមអ្នកជំនាញកិច្ចការបោះឆ្នោត គេអាចនឹងត្រូវចំណាយពេលជាច្រើនថ្ងៃ ក្រោយការបោះឆ្នោត ក្នុងការរាប់សន្លឹកឆ្នោតតាមប្រៃសនីយ៍ ដែលនឹងមកដល់ តាមក្រោយ បន្ទាប់ថ្ងៃបោះឆ្នោត ដើម្បីកំណត់ថាតើនរណាជាអ្នកឈ្នះ។ ត្រង់ចំណុចនេះហើយដែលលោក ដូណាល់ ត្រំា តែងតែអះអាងជារឿយៗថាការបោះឆ្នោត តាមប្រៃសនីយ៍ អាចនឹងនាំឱ្យមានការក្លែងបន្លំសន្លឹកឆ្នោត។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅឯយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងទីក្រុង Newport News រដ្ឋ Virginia នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ត្រាំ បានគូសបញ្ជាក់ថាចង់ដឹងភ្លាមៗថាលោកចាញ់ ឬក៏ឈ្នះនៅក្នុងការបោះឆ្នោត ជាជាងត្រូវរង់ចាំរហូតដល់ការរាប់សន្លឹកឆ្នោតតាមប្រៃសនីយ៍ចប់សព្វគ្រប់។ លោក បន្ថែមដូច្នេះថា៖ «ខ្ញុំចង់ឃើញគេប្រកាសអ្នកឈ្នះភ្លាមៗ តាមកញ្ចក់ទូរទស្សន៍...ប៉ុន្តែអ្នកទាំងអស់គ្នា ប្រហែលជាត្រូវរង់ចាំជាច្រើនខែ ដើម្បីដឹងថានរណាឈ្នះ នរណាចាញ់ ពីព្រោះនេះ (ការបោះឆ្នោតតាមប្រៃសនីយ៍) គឺជារឿងរញ៉េរញ៉ៃ»

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញកិច្ចការបោះឆ្នោត អ្នកបោះឆ្នោតអាមេរិកជាងពាក់កណ្ដាល អាចនឹងជ្រើសរើសយកការបោះឆ្នោតតាមប្រៃសណីយ៍ (Vote by Mail) កំឡុងការឆ្លងរាតត្បាត COVID-19 ខណៈតុលាការនៅក្នុងខែកញ្ញានេះ បានអនុញ្ញាតឱ្យអាជ្ញាធរនៅក្នុងរដ្ឋសំខាន់ៗ ដែលគេស្គាល់ថា «battleground states» ដូចជា រដ្ឋ Michigan, Pennsylvania, Wisconsin និងរដ្ឋ North Carolina រាប់សន្លឹកឆ្នោតតាមប្រៃសនីយ៍ នៅក្រោយថ្ងៃទី៣ ខែវិច្ឆិកា។

ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រំា បាននិងកំពុងតវ៉ាតាមផ្លូវច្បាប់ រារាំងការប្រើប្រព័ន្ធបោះឆ្នោតបែបនេះ នៅតាមរដ្ឋជាច្រើន ដោយសារតែបារម្ភពីការក្លែងបន្លំសន្លឹកឆ្នោត។ បន្ថែមពីលើនេះ លោក ត្រាំ កាលពីប៉ុន្មានថ្ងៃមុន ក៏បានបដិសេធសន្យាថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត និងផ្ទេរអំណាចដោយសន្តិវិធី ក្នុងករណីលោកចាញ់លោក ចូ បៃដិន ហើយថែមទាំងរំពឹងថាតុលាការកំពូល នឹងជាអ្នកសម្រេចថានរណា ជាអ្នកឈ្នះទៀតផង។

ការបដិសេធបែបនេះរបស់លោក ត្រាំ កំពុងបង្កឱ្យភាពចម្រូងចម្រាស និងការព្រួយបារម្ភថាលោកអាចនឹងប្រើប្រាស់អំណាចជាប្រធានាធិបតី ក្នុងនោះរួមមានទាំង តួនាទីជាអគ្គមេបញ្ជាការកងទ័ពអាមេរិក ដើម្បីបន្តអង្គុយកៅអីសេតវិមាន ឬក្រាញននៀលមិនព្រមចុះចេញពីតំណែង៕