(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ជាថ្មីថា ស្ថាប័ននេះនឹងមិនលូកដៃ ឬក៏ដើរតួនាទីផ្សះផ្សាជម្លោះនៅក្នុង ឬក្រោយការបោះឆ្នោតប្រធានាធិបតី ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនោះឡើយ។ នេះបើតាមដកស្រង់ពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ប្រ៊ូក ដេវ៉លត៍ (Brook DeWalt) ដែលបានអះអាងថា ក្រសួងការពារជាតិអាមេរិកនឹងមិនលូកដៃ ទៅក្នុងការផ្ទេរអំណាចនៅក្រោយការបោះឆ្នោតឡើយ ហើយការលើកឡើងបែបនេះ បានកើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបដិសេធជាថ្មីក្នុងការប្ដេជ្ញាចិត្ត ក៏ដូចជាសន្យាថា នឹងទទួលស្គាល់លទ្ធផលបោះឆ្នោត និងផ្ទេរអំណាចដោយសន្តិវិធី ក្នុងករណីដែលលោកចាញ់បេក្ខជនប្រធានាធិបតី មកបក្សប្រជាធិបតេយ្យគឺលោក ចូ បៃ នៅក្នុងការបោះឆ្នោតឆាប់ៗខាងមុខនេះ។

ការបដិសេធរបស់លោក ត្រាំ កំពុងបង្កឱ្យមានការព្រួយបារម្ភថា លោកអាចនឹងប្រើប្រាស់អំណាចជាប្រធានាធិបតី ក្នុងនោះរួមមានទាំងតួនាទីជាអគ្គមេបញ្ជាការកងទ័ពអាមេរិក ដើម្បីបន្តអង្គុយកៅអីសេតវិមាន ឬក្រាញននាលមិនព្រមចុះចេញពីតំណែង។ វាមិនមែនជាលើកទីមួយនោះទេ ដែលលោក ដូណាល់ ត្រាំ បានបដិសេធក្នុងការសន្យាថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត និងផ្ទេរអំណាចដោយសន្តិវិធី។ កាលពីខែសីហាកន្លងទៅ លោក ត្រាំ ក៏ធ្លាប់បានបដិសេធបែបនេះម្តងដែរ ខណៈលោកតែងតែសម្ដែងការជំទាស់ជារឿយៗថា ការបោះឆ្នោតតាមប្រៃសនីយ៍​អាចនឹងនាំឱ្យមានការក្លែងបន្លំសន្លឹកឆ្នោត ដែលអាចធ្វើឱ្យលោកទទួលបរាជ័យ។

គួរជម្រាបថា នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្ដមសេនីយ៍ ម៉ាក មីល្លេយ (Mark Milley) កាលពីខែសីហាកន្លងទៅ ក៏ធ្លាប់បាននិយាយផងដែរក្នុងលិខិតមានផ្ញើទៅកាន់សភាអាមេរិកថា យោធាអាមេរិកទាំងអស់នឹងមិនចូលរួម ពាក់ព័ន្ធក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ហើយបើសិនជាជម្លោះណាមួយកើតឡើងនៅក្នុង ឬក្រោយការបោះឆ្នោត នោះការដោះសា្រយជម្លោះនឹងត្រូវធ្វើឡើងតាមផ្លូវច្បាប់នៃតុលាការ និងសភាអាមេរិក ពោលគឺមិនមែនភារកិច្ចរបស់យោធាអាមេរិកនោះទេ។

ទោះជាបែបនេះក្តី ជុំវិញការបង្ហាញសញ្ញាមិនស្រួល ពីសំណាក់គូប្រជែងរបស់ខ្លួននោះ លោក ចូ បៃដិន បានអះអាងដោយជឿជាក់ជាក់យ៉ាងមុតមាំថា យោធាអាមេរិកនឹងអូសលោក ដូណាល់ ត្រាំ ចេញពីសេតវិមាន ប្រសិនបើលោកចាញ់ឆ្នោតហើយ តែនៅចង់ក្រាញននាលមិនព្រមចុះចេញពីតំណែងទៀតនោះ។ ការស្ទង់មតិមួយចំនួន នៅមុនថ្ងៃបោះឆ្នោតបានបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន។ ទោះជាយ៉ាងណា នៅសល់ពេលជាង១ខែទៀតឯណោះ ទម្រាំការបោះឆ្នោតនឹងមកដល់ ហើយលោក ត្រាំ ត្រូវបានគេមើលឃើញថា ក៏នៅមានឱកាសយ៉ាងច្រើន ដើម្បីច្បាមប្រជាប្រិយភាពផងដែរ៕