(វ៉ាទីកង់)៖ សម្ដេច ប៉ាប ហ្វ្រង់ស៊ី (Pope Francis) បានមានព្រះប្រទូលថា ប្រជាជនក្រីក្រ និងជនងាយរងគ្រោះនៅក្នុងសង្គម គួរតែបានទទួលការអនុគ្រោះ ដោយទទួលបានការចាក់វ៉ាក់សាំងមុនគេ នៅពេលវ៉ាក់សាំង COVID-19 ផលិតបានសម្រេច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

ការកត់សម្គាល់បែបនេះរបស់សម្ដេច Pope Francis ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងព្រះរាជសុន្ទរកថាតាមរយៈវីដេអូមួយចេញពីបុរីវ៉ាទីកង់ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។ សម្ដេចសង្ឃកាតូលិកអង្គនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើនរណាម្នាក់នឹងទទួលបានការអនុគ្រោះ, សូមឱ្យប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងអ្នកកំពុងទទួលរងការរើសអើង ទទួលបានការចាក់វ៉ាក់សាំងមុនគេ នៅពេលវ៉ាក់សាំង COVID-19 ផលិតបានសម្រេច ពីព្រោះពួកគេមិនមានអំណាច ឬធនធានសេដ្ឋកិច្ចអ្វីឡើយ»

គួរបញ្ជាក់ថា បើតាមសម្ដេច Pope Francis បណ្ដាប្រទេសអ្នកមានមិនគួរប្រមូលទិញ ឬស្ដុកទុកវ៉ាក់សាំង ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ខណៈការព្រួយបារម្ភមានកាន់តែច្រើនឡើង ជុំវិញវ៉ាក់សាំងជាតិនិយម ឬវ៉ាក់សាំងនយោបាយ។ មិនតែប៉ុណ្ណោះសម្ដេច Pope Francis ក៏បានជំរុញផងដែរឱ្យបណ្ដាប្រទេសទាំងអស់ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសកលមួយ ដើម្បីចែករំលែកវ៉ាក់សាំងឱ្យគ្នាទៅវិញទៅមក ប្រកបដោយតម្លាភាព៕