(ប៉េកាំង)៖ មន្ត្រីក្រសួងសុខាភិបាលចិននៅថ្ងៃសុក្រនេះបានប្រកាសថា អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ការគាំទ្រ និងយោគយល់ចំពោះប្រទេសចិន ទើបខ្លួនអាចចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 លើមនុស្សក្នុងករណីបន្ទាប់ពីប៉ុន្មានខែមុន ខណៈដែលការធ្វើតេស្តសាកល្បងកំពុងដំណើរការនៅឡើយ។ នេះបើតាមការចេញផ្សាយ​​ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

មន្ត្រីគណៈកម្មាធិការសុខភាពជាតិចិនលោក ចេង ចុងវៃ ( Zheng Zhongwei) បានគូសបញ្ជាក់ថា ប្រទេសចិនបានចាប់ផ្តើមកម្មវិធីបន្ទាន់របស់ខ្លួនកាលពីខែកក្កដា ដោយបានចែករំលែកព័ត៌មានជាមួយ អង្គការសុខភាពពិភពលោក (WHO) តាំងតែពីចុងខែមិថុនាមកម្ល៉េះ។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងខែមិថុនា មន្ត្រីរូបនេះបានថ្លែងថា ក្រុមប្រឹក្សារដ្ឋចិនបានអនុម័តលើផែនការ នៃកម្មវិធីប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់។ ជាក់ស្តែង បុគ្គលិកក្នុងវិស័យចាំបាច់រាប់សែននាក់ជាពិសេសបុគ្គលិកសុខាភិបាល និងក្រុមមនុស្សដែលប្រឈមនឹង ហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ COVID-19 ត្រូវបានអនុញ្ញតឲ្យចាក់វ៉ាក់សាំងរួចហើយ បើទោះបីជាប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ ខណៈដែលការសាកល្បងចុងក្រោយ ឬដំណាក់កាលទី ៣ មិនទាន់បិទបញ្ចប់។

ជុំវិញបញ្ហាខាងលើ តំណាងចិនប្រចាំអង្គការសុខភាពពិភពលោកមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ ដោយឡែក ប្រធានវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកលោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) នៅក្នុងខែកញ្ញានេះបាននិយាយថា អាជ្ញាធរត្រួតពិនិត្យថ្នាក់ជាតិ អាចអនុម័តឲ្យប្រើប្រាស់ផលិតផលវេជ្ជសាស្រ្ត នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងស្ថានភាពបន្ទាន់ ប៉ុន្តែវាគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នមួយប៉ុណ្ណោះ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ជាដំណោះស្រាយរយៈពេលវែង លុះត្រាណាតែវ៉ាក់សាំងបញ្ចប់ការសាកល្បងដំណាក់កាលទី ៣។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងមិនបានបង្ហាញព័ត៌មានលម្អិត ទាក់ទងនឹងកម្មវិធីប្រើប្រាស់បន្ទាន់របស់ខ្លួននៅឡើយទេ។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់បេក្ខភាពវ៉ាក់សាំងចំនួន ០៣ ក្នុងនោះមាន ០២ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនជាតិ CNBG (China National Biotec Group) និងមួយទៀតជាបេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន សាយណូវ៉ាក់ បាយអូធិច (Sinovac Biotech) កំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទី ៣ នៅឯក្រៅប្រទេស ក៏ត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងកម្មវិធីខាងលើនេះផងដែរ។ ចំណែកឯវ៉ាក់សាំងទី ០៤ ដែលបានអភិវឌ្ឍដោយ ខេនស៊ីណូ បាយអូឡូជី (CanSino Biologies) ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងជួរយោធាចិនកាលពីខែមិថុនា៕