(វ៉ាស៊ីនតោន)៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាន់តែខិតជិតចូលមកដល់ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកាន់តែតានតឹងឡើងជាលំដាប់ លើបញ្ហាជាច្រើន ក្នុងនោះ ជាពិសេសគឺកោះតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថាជាចំណុចគ្រោះថ្នាក់មួយ អាចនឹងបង្កជាសង្រ្គាមរវាងមហាអំណាចទាំង២។ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនទំនាក់ទំនង និងចេញមុខគាំទ្រតៃវ៉ាន់យ៉ាងពេញទំហឹងប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់ចិន ដែលបាន និងកំពុងបង្កើនវត្តមាន និងសកម្មភាពយោធា នៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់។

ការគំាទ្រ និងសកម្មភាពរដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងមួយរយៈពេលចុងក្រោយនេះ បានបង្កមានការចោទសួរឡើងវិញនូវសំនួរដ៏រសើប នោះគឺថាតើសហរដ្ឋអាមេរិក កំពុង ពិចារណាទទួលស្គាល់កោះតៃវ៉ាន់ជាផ្លូវការ ឬក៏យ៉ាងណា? បើតាមអ្នកជំនាញយោធាជាច្រើន ការទទួលស្គាល់ ឬការបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ ពីសំណាក់សហរដ្ឋអាមេរិក អាចនឹងជំរុញឱ្យចិនប្រើប្រាស់កម្លាំងយោធា។ ក៏ប៉ុន្តែ មុននឹងសួរថាតើចិនហ៊ានប្រើកម្លាំងយោធាដែរឬទេ គេគួរតែបង្វែរសំនួរនេះទៅសួរអាមេរិក មុនថា តើនឹងទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ហើយទីក្រុងតៃប៉ិខ្លួនឯងហ៊ានប្រកាសឯករាជ្យ ដែរឬទេ?

* សហរដ្ឋអាមេរិក

មួយរយៈពេលចុងក្រោយនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនទំនាក់ទំនង និងចេញមុខគាំទ្រកោះតៃវ៉ាន់យ៉ាងពេញទំហឹងប្រឈមមុខនឹងការគំរាម កំហែងពីសំណាក់ចិន រហូតដល់បង្កឱ្យមានការសង្ស័យ និងការចោទសួរថាតើទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាទទួលស្គាល់កោះតៃវ៉ាន់ជាផ្លូវការ ឬក៏យ៉ាងណា ខណៈគំនិតទទួល ស្គាល់តៃវ៉ាន់ជាផ្លូវការតាមផ្លូវការទូតនេះ ក៏ធ្លាប់ត្រូវបានលើកឡើងដោយអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន រួមទាំងអ្នកនយោបាយអាមេរិកមាននិន្នាការប្រឆាំង ចិនមួយចំនួនផងដែរ។

ការជជែកដេញដោលពីលទ្ធភាពដែលអាមេរិក នឹងទទួលស្គាល់តៃវ៉ាន់ កើតមានឡើងបន្ទាប់ពីរដ្ឋបាលលោក​ ត្រាំ បញ្ជូនរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar ឱ្យទៅបំពេញ ដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ កាលពីខែសីហា ហើយកាលពីសប្ដាហ៍មុន មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក គឺលោក Keith Krach ក៏បានបំពេញទស្សនកិច្ច មកកាន់កោះតៃវ៉ាន់ដែរ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Lee Teng-hui ជាអតីតប្រធានាធិបតីតៃវ៉ាន់ដំបូងបំផុតជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងចូលរួមក្នុងកិច្ចប្រជុំ ជាច្រើនជាមួយថ្នាក់ដឹកនាំកំពូលៗ របស់តៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកបែបនេះ មិនដែលកើតមានឡើយចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន ផ្ដាច់ទំនាក់ទំនង ការទូតជាមួយតៃវ៉ាន់​ នៅឆ្នាំ១៩៧៩មក។

ក្រោយដំណើរទស្សនកិច្ចទាំងនេះ សហរដ្ឋអាមេរិក ថែមទាំងប្រកាសទៀតផងពីផែនការលក់អាវុធបន្ថែមឱ្យកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំង យន្ដហោះដ្រូន MQ-9B Reaper, មីស៊ីលប្រឆាំងនាវាចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាសជាដើម ទោះបីជាមានការព្រមាន និងជំទាស់យ៉ាងខ្លាំងពីចិនក៏ដោយ។ លើសពីនេះទៅទៀត ការបញ្ជូនយន្ដហោះ ចម្បាំងអាមេរិកទំនើបៗបន្ថែម ទៅកាន់កោះហ្គាំ កាន់តែធ្វើឱ្យគេសង្ស័យរឹតតែខ្លាំងឡើងថាអាមេរិក កំពុងត្រៀមខ្លួនទទួលស្គាល់តៃវ៉ាន់។ ក៏ប៉ុន្តែ ឈរលើផលប្រយោជន៍សេដ្ឋកិច្ច និងទំនាក់ទំនងជាមួយចិន គេពិបាកស្មានណាស់ថាអាមេរិក អាចនឹងទទួលស្គាល់តៃវ៉ាន់ ខណៈទីក្រុងវ៉ាស៊ីនតោនក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលទទួលស្គាល់គោលនយោបាយ «ចិនតែមួយ» ផងដែរ។ គោលនយោបាយ «ចិនតែមួយ» បានចែងថាចិនគឺជាប្រទេសតែមួយគត់ រីឯតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។

ម្យ៉ាងវិញទៀត អាមេរិកក៏ដឹងដែរថាការទទួលស្គាល់តៃវ៉ាន់ គឺជានយោបាយប្រថុយប្រថាន ដ្បិតការធ្វើបែបនេះអាចនឹងផ្ដល់លេស ឬហេតុផលឱ្យចិន ប្រើប្រាស់កម្លាំងយោធា ខណៈ បណ្ដាប្រទេសដទៃជាសម្ព័ន្ធមិត្តអាមេរិក ក្នុងនោះរួមមានទាំង បារាំង អាល្លឺម៉ង់ ឬអង់គ្លេសជាដើម ក៏មិនប្រាកដថានឹងដើរតាមទីក្រុងវ៉ាស៊ីនតោន ដោយសុខចិត្តបោះបង់ចោល ផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេជាមួយចិន ហើយស្រវាចាប់យកតៃវ៉ាន់ ដែលមានប្រជាជនត្រឹមជាង ២៣លាននាក់នោះដែរ។ ដូច្នេះ រដ្ឋបាលលោក ត្រាំ ប្រហែលជាគ្រាន់តែ ចង់ផ្ញើសារឱ្យទីក្រុងប៉េកាំង កុំឱ្យធ្វើអ្វីតាមទំនើងចិត្ត និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារកោះតៃវ៉ាន់តែប៉ុណ្ណោះ ស្របពេលការបោះឆ្នោតប្រធានាធិបតី កាន់តែខិតជិត មកដល់ លោក ត្រាំ អាចនឹងប្រើនយោបាយប្រឆាំងឥទ្ធិពលចិន ជាយុទ្ធសាស្ត្រដើម្បីទាមទារការគំាទ្រពីប្រជាជនអាមេរិក។

* តៃវ៉ាន់

ក្រោយទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដោយជាប់ឆ្នោតប្រធានាធិបតីតៃវ៉ាន់សាជាថ្មី សម្រាប់អណត្តិទី២របស់ខ្លួន កាលពីខែមករាកន្លងទៅ លោកស្រី Tsai Ing-wen បានបង្ហាញ គោលជំហរយ៉ាងតឹងរ៉ឹងមិនទទួលស្គាល់គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ចិន និងថែមទាំងប្រកាសដែរថាតៃវ៉ាន់ មិនចាំបាច់ប្រកាសឯករាជ្យអ្វីនោះទេ ព្រោះតៃវ៉ាន់ គឺជារដ្ឋឯករាជ្យមួយបាត់ទៅហើយ។ លោកស្រី Tsai បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ BBC​ ដូច្នេះថា៖ «យើងមិនចាំបាច់ប្រកាសដោយខ្លួនឯងថាជារដ្ឋឯករាជ្យមួយ នោះទេ...ដិ្បតយើងជារដ្ឋ និងជាប្រទេសឯករាជ្យមួយស្រេចទៅហើយ ដោយយើងមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋចិន (តៃវ៉ាន់)»។

ការលើកឡើងបែបនេះរបស់លោកស្រី Tsai អាចមកពីលោកស្រីចង់បញ្ជៀសសង្រ្គាមជាមួយចិន និងមិនទុកចិត្តសហរដ្ឋអាមេរិក បើទោះជាអ្នកជំនាញជាច្រើនយល់ថាអាមេរិកនឹង ធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ ពីការវាយប្រហាររបស់ចិនក៏ដោយ។ លោកស្រី Tsai ប្រហែលជាដឹងយ៉ាងច្បាស់ថាបើសង្រ្គាមផ្ទុះឡើង នោះតៃវ៉ាន់ អាចនឹងត្រូវខ្ទេចខ្ទាំ ហើយ រដ្ឋបាលលោកស្រី ក៏មិនជឿទុកចិត្ត១០០ភាគរយលើអាមេរិកនោះដែរ។ ភាពមិនច្បាស់លាស់ និងមិនទុកចិត្តនេះ បានបន្សល់ទុកពីប្រវត្តិសាស្ត្រដ៏ជូរចត់ជាមួយអាមេរិក កាលពី អតីតកាល។

នៅឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយងាកទៅទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ឬចិនដីគោក ដើម្បីរួមដៃគ្នាប្រឆាំងនឹងឥទ្ធិពល អតីតសហភាពសូវៀត។ តែក្នុងឆ្នាំដដែល សហរដ្ឋអាមេរិក បានបង្កើតច្បាប់ទំនាក់ទំនងតៃវ៉ាន់ (The Taiwan Relations Act) ដោយរក្សាទំនាក់ទំនងមិនផ្លូវការ និងអនុញ្ញាតឱ្យខ្លួនលក់អាវុធឱ្យកោះតៃវ៉ាន់ ទុកការពារខ្លួន។ ក៏ប៉ុន្តែច្បាប់នេះ មិនបានចែងឱ្យច្បាស់ៗថាសហរដ្ឋអាមេរិក នឹងធ្វើអន្តរាគមន៍យោធាចូលជួយតៃវ៉ាន់ ក្នុងករណីសង្រ្គាមជាមួយចិន ផ្ទុះឡើងនោះទេ។ រឹតតែសំខាន់ទៅទៀត ទោះជាតៃវ៉ាន់ ប្រកាសឯករាជ្យជាផ្លូវការក៏មិនប្រាកដថានឹងទទួលបានជោគជ័យនោះដែរ។ ជាធម្មតា ដើម្បីប្រកាសឯករាជ្យ រដ្ឋមួយ ត្រូវមានរដ្ឋាភិបាល, ប្រជាជន,ទឹកដី និងទំនាក់ទំនងការទូត ឬការទទួលស្គាល់ពីអន្តរជាតិ។

លក្ខខណ្ឌចំនួន៣ខាងដើម តៃវ៉ាន់អាចបំពេញបាន តែនៅត្រង់ទំនាក់ទំនងការទូត ឬការទទួលស្គាល់ពីអន្តរជាតិ តៃវ៉ាន់ខ្លួនឯងពិបាកនឹងស្រមៃណាស់ ពីព្រោះមកទល់នឹងបច្ចុប្បន្ន ក្នុងចំណោមប្រទេសជាសមាជិក UN​ ទាំង១៩៣ មានតែ១៤ប្រទេសប៉ុណ្ណោះ ដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយប្រទេសទាំងនេះទៀតសោតភាគច្រើនគឺជារដ្ឋ ឬដែនកោះតូចៗទៅទៀត។ តៃវ៉ាន់ មិនមែនជាសមាជិកនៃស្ថាប័ន ឬអង្គការអន្តរជាតិ ជាច្រើនក្នុងនោះមានអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក។ ទាញចេញពី សម្មតិកម្មទាំងនេះ ទោះចង់ឬមិនចង់ តៃវ៉ាន់ អាចនឹងត្រូវបង្ខំចិត្តរក្សាស្ថានភាពដើម នោះគឺ «មិនប្រកាសឯករាជ្យ ហើយក៏មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន»។

* ចិន

ចិន តែងតែងព្រមានជារឿយៗថាខ្លួននឹងប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់ បើសិនជាទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ ហើយមាន «កម្លាំងខាងក្រៅ» ណាមួយប៉ុនប៉ង បំបែកតៃវ៉ាន់ ចេញពីចិនដីគោក។ បើតាមរបាយការណ៍មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក ចេញផ្សាយនៅក្នុងខែកញ្ញានេះ ចិនមានកងទ័ពជើងទឹកធំជាងគេបំផុតនៅ លើពិភពលោក និងមានកងទ័ពអាកាសធំលំដាប់ទី៣ ហើយបច្ចេកវិទ្យាយន្ដហោះចម្បាំងចិន បានតាមទាន់បច្ចេកវិទ្យានៃបណ្ដាប្រទេសលោកខាងលិចហើយ។ សម្រាប់ចិន ចង់វាយយកកោះតៃវ៉ាន់ គឺ «ស្រួលដូចបកចេក» បើមិនមានអាមេរិកលូកដៃ។

«កម្លាំងខាងក្រៅ» ដែលចិនតែងតែលើកឡើងគឺចង់សំដៅទៅលើសហរដ្ឋអាមេរិក ឬអាចនិយាយម្យ៉ាងទៀតបានថា ចិនប្រើ ឬមិនប្រើកម្លាំងយោធា គឺអាស្រ័យទៅលើកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ នៅក្នុងន័យនេះ បើសិនជាតៃវ៉ាន់ប្រកាសឯករាជ្យ ឬចិន គិតថាអាមេរិកកំពុងបំបែកតៃវ៉ាន់ចេញពីខ្លួន នោះទីក្រុងប៉េកាំងអាចនឹងយកច្បាប់ប្រឆាំងការផ្ដាច់ ទឹកដី (Anti-Secession Law) យកមកប្រើ ដើម្បីប្រាប់អន្តរជាតិថាការប្រើប្រាស់កម្លាំងយោធា គឺដើម្បីការពារទឹកដីរបស់ខ្លួន។ តាមការពិតទៅ ជាជម្រើសដំបូង ចិនត្រូវបានគេ មើលឃើញថាចង់ឱ្យតៃវ៉ាន់ទទួលយកគោលនយាបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ជាជាងប្រើកម្លាំងយោធា នាំឱ្យអាមេរិកមានលេសលូកដៃ ហើយមិនតែប៉ុណ្ណោះថ្នាក់ដឹកនាំចិន ក៏ព្រួយបារម្ភដែរថា ទោះបីជាបង្រួបបង្រួមតៃវ៉ាន់ដោយយោធាបានសម្រេច ក៏ចិននៅតែពិបាកគ្រប់គ្រងប្រជាជនតៃវ៉ាន់ដដែល ដ្បិតពួកគេមិនដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ចិនឡើយ។

តែទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីដែនដីដែលចិន កំពុងមានជម្លោះជាមួយបណ្ដាប្រទេសដទៃ ទីក្រុងប៉េកាំង នឹងមិនអនុញ្ញាតឱ្យតៃវ៉ាន់ ប្រកាសឯករាជ្យជាផ្លូវការជាដាច់ខាត ពីព្រោះចិនខ្លាចដែនដីស្វយ័តរបស់ខ្លួន ដូចជាហុងកុង, តំបន់ស៊ីនជាំង និងតំបន់ទីបេ ជាដើម យកគំរូតាមដោយចង់បានឯករាជ្យដែរ។ បើសង្រ្គាមផ្ទុះមែន សកម្មភាពយោធា ឬការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ នឹងត្រូវធ្វើឡើងក្រោមការរឹតត្បិត ឬកំណត់ផលវិបាកជាទុកមុន ពោលគឺធ្វើយ៉ាងណា កុំឱ្យខ្ទេចខ្ទាំធ្ងន់ធ្ងរដែលត្រូវ ចំណាយប្រាក់ច្រើន លើសលប់កសាងកោះតៃវ៉ាន់ឡើងវិញ។ និយាយឱ្យងាយស្ដាប់ ការវាយប្រហាររបស់ចិន គឺគ្រាន់តែមានគោលដៅបង្ខំឱ្យរដ្ឋាភិបាល ទីក្រុងតៃប៉ិ ត្រឡប់មករកតុចរចាវិញ ពិភាក្សាគ្នាពីការបង្រួបបង្រួម ឬទទួលយកគោលនយាបាយ «ប្រទេសមួយ ប្រព័ន្ធពីររបស់ចិន» តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញយោធាភាគច្រើន សហរដ្ឋអាមេរិកនឹងចូលជួយតៃវ៉ាន់ បើសិនចិនបើកការវាយប្រហារណាមួយ។ ដូច្នេះ នៅក្នុងករណីដែលសង្រ្គាមផ្ទុះឡើងដោយ ជៀសមិនរួច ចិនមិនត្រូវអូសបន្លាយពេលវាយប្រហារលើសមួយសប្ដាហ៍ឡើយ ដើម្បីកុំឱ្យអាមេរិកលូកដៃជួយតៃវ៉ាន់ទាន់ពេល។ បើតាមរបាយការណ៍របស់វិទ្យាស្ថានអាមេរិក Rand Corporation កងទ័ពរំដោះប្រជាជនចិន មានមូលដ្ឋានទ័ព៤០កន្លែង នៅតាមបណ្ដោយឆ្នេរភាគអាគ្នេយ៍ ដែលអនុញ្ញាតឱ្យយន្ដហោះចម្បាំងចិន ១,០០០គ្រឿងធ្វើប្រតិបត្តិការ លើតៃវ៉ាន់ ខណៈសហរដ្ឋអាមេរិក អាចបញ្ជូនយន្ដហោះចម្បាំង១៤៤គ្រឿងប៉ុណ្ណោះ ពីនាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួនមកជួយតៃវ៉ាន់។ នេះមិនទាន់រាប់បញ្ចូលមីស៊ីលបាលិស្ទីគ ១,៦០០ដើម ដែលចិនត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយតម្រង់ក្បាលទៅរកកោះតៃវ៉ាន់ផង៕

ប្រភព៖ Nikkei