(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនឯកទេសជីវ-បច្ចេកវិទ្យារបស់អាមេរិក ណូវ៉ាវ៉ាក់ (Novavax) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចេញសេចក្ដីថ្លែងការណ៍មួយថា ក្រុមហ៊ុនកំពុងចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 ដ៏មានសក្តានុពលមួយ ទៅលើមនុស្សក្នុងដំណាក់កាលទីបី ដែលជាដំណាក់កាលចុងក្រោយហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Novavax ការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី ៣ ឬចុងក្រោយនេះ នឹងត្រូវធ្វើឡើងនៅចក្រភពអង់គ្លេស ហើយមានគោលបំណងទទួលការចុះឈ្មោះអ្នកស្ម័គ្រចិត្តចំនួន ១ម៉ឺននាក់ដែលមានអាយុចាប់ពី ១៨-៨៤ឆ្នាំ។
ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Novavax លោក ហ្គ្រេហ្គ័ររី ក្លេន (Gregory Glenn) បានគូសបញ្ជាក់ថា «ទាក់ទងនឹងវីរុសកូរ៉ូណាថ្មី (SARS-CoV-2) គឺកំពុងស្ថិតក្នុងការតាមដាន ហើយវាត្រូវបានគេរំពឹងថា នឹងអាចបន្តឆ្លងរីករាលដាលដល់ចក្រភពអង់គ្លេស នាពេលខាងមុខនេះទៀត ជាពិសេសនៅរដូវរងា។ យើងក៏សង្ឃឹមដែរថា ការធ្វើតេស្តវ៉ាក់សាំង COVID-19 ដែលមានឈ្មោះសម្គាល់ថា NVX-CoV2373 នឹងទទួលបានការចុះឈ្មោះបានយ៉ាងឆាប់រហ័ស ដើម្បីការសម្រេចបាននូវវ៉ាក់សាំង ដែលមានប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះ។
គួរជម្រាបថា NVX-CoV2373 ជាបេក្ខភាពវ៉ាក់សាំង COVID-19 ទី ១១ ហើយដែលឈានដល់ដំណាក់កាលទី ៣ ឬចុងក្រោយនៅទូទាំងពិភពលោក។ ក្រុមហ៊ុន Novavax បានទទួលថវិកាចំនួន ១.៦ពាន់លានដុល្លារពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍវ៉ាក់សាំងដែលមានប្រសិទ្ធភាពនេះ៕