(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ថាសនីម (Tasnim) នៅថ្ងៃពុធនេះបានរាយការណ៍ឲ្យដឹងថា កងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលហៅកាត់ថា IRGC បានទទួលយន្តហោះចម្បាំងគ្មានមនុស្សបើក (ដ្រូន) និងឧទ្ធម្ភាគចក្រប្រយុទ្ធថ្មីៗចំនួន ១៨៨គ្រឿង។ នេះបើតាមការដកស្រង់ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងចំណោមយន្តហោះគ្មានមនុស្សបើកទាំងអស់របស់កងទ័ពជើងទឹកអ៉ីរ៉ង់ មានយន្តហោះគ្មានមនុស្សបើកថ្មីមួយគ្រឿង ដែលមានសមត្ថភាពអាចថតរូបភាពពីលើអាកាស ទៅលើគោលដៅកងទ័ពជើងទឹកជាលក្ខណៈសំកាំង និងចល័តក្នុងអំឡុងប្រតិបត្តិការប្រយុទ្ធបាន។ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងទៀត ដែលបានចូលរួមក្នុងកងនាវាចររបស់ IRGC គឺ ម៉ូហាហ្សឺ-៦ (Mohajer-6) ជាយន្តហោះដែលហោះបានក្នុងរយៈចម្ងាយ ២០០គីឡូម៉ែត្រ និងមានសមត្ថភាពផ្ទុកមីស៊ីលបានចំនួន ០៤គ្រាប់។

ជាមួយគ្នានេះផងដែរ យន្តហោះគ្មានមនុស្សបើកដែលមានសមត្ថភាពហោះ និងចុះចតត្រង់ដូចជា ដ្រូន សេប៉េហា (Sepehr) ចំនួន ០៣គ្រឿង, ហ្សាហាប់-២ (Shahab-2) មួយគ្រឿង និង ហូដហូដ-៤ (Hodhod-4) មួយគ្រឿងទៀត ត្រូវបានបញ្ជូនទៅកាន់កងកម្លាំង IRGC នៅក្នុងថ្ងៃតែមួយនេះដូចគ្នា បួករួមទាំងគ្រឿងបរិក្ខាយោធាថ្មីៗផ្សេងទៀតផងដែរ ដូចជាឧទ្ធម្ភាគចក្រធុនធំ ០២គ្រឿង និងឧទ្ធម្ភាគចក្រប្រយុទ្ធដែលបំពាក់ជាមួយមីស៊ីល 0៤គ្រឿងទៀត។

គួរបញ្ជាក់ថា មេបញ្ជាការកងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ឺរ៉ង់ លោក អាលី រ៉េហ្សា តាំងស៊ីរី (Ali Reza Tangsiri) បានគូសបញ្ជាក់នៅក្នុងពិធីអបអរមួយ នៅឯកំពង់ផែភាគខាងត្បូងទីក្រុង បាន់ដា អាប់បាស់ (Bandar Abbas) យ៉ាងដូច្នេះថា «រាល់ប្រតិបត្តិការកងនាវាចររបស់ IRGC ឥឡូវនេះត្រូវអនុវត្ត ជាមួយយន្តហោះគ្មានមនុស្សបើក (ដ្រូន)»។ ការបញ្ចេញសព្វាវុធថ្មីៗរបស់អ៉ីរ៉ង់ពេលនេះ កើតមានឡើងចំពេលដែលស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹង ជាពិសេសគឺការចងក្រងមិត្តភាពរវាងប្រទេសអ៉ីស្រាអែល និងបណ្តារដ្ឋអារ៉ាប់ជាច្រើនឡើងវិញ ដែលអាចនឹងបើកផ្លូវឲ្យប្រទេសទាំងនេះ បញ្ជាទិញសព្វាវុធបន្ថែមពីសហរដ្ឋអាមេរិក ហើយវាពិតណាស់ថា នឹងក្លាយជាការគំរាមកំហែងខ្លាំងឡើងៗ ចំពោះប្រទេសអ៉ីរ៉ង់៕