(ប៊ុយណូសអ៊ែរែស)៖ រដ្ឋាភិបាលអាហ្សង់ទីននៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) បានឲ្យដឹងថា ភ្លើងឆេះព្រៃចំនួន ០៤កន្លែងបានកើតឡើងនៅក្នុងខេត្តខ័រដូបា (Cordoba) ភាគកណ្ដាលនៃប្រទេសអាហ្សង់ទីន ជាទីដែលក្រុមពន្លត់អគ្គីភ័យប្រមាណ ៤០០នាក់បាននិងកំពុងព្យាយាមប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃនេះតាមរយៈយន្តហោះ និងឧទ្ធម្ភាគចក្រទម្លាក់ទឹក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ភ្លើងឆេះព្រៃនេះបានកើតឡើងនៅតំបន់ជិតទីក្រុង វីឡា ខាឡូស ផាស (Villa Carlos Paz), ឡូស ម័រទែរីតូស Los Morteritos), គូឈី ខ័ររ៉ាល់ (Cuchi Corral) និង អ៊ុនឃ្វីលឡូ (Unquillo)។ កម្លាំងខ្យល់បក់ប្រមាណ ៤៥គីឡូម៉ែត្រក្នុងមួយម៉ោងបានបង្កឲ្យមានផលលំបាកយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងអណ្ដាតភ្លើង ដែលកំពុងឆាបឆេះកាត់តំបន់ព្រៃនេះ ជាពិសេសគឺនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង និងពិបាកក្នុងការចូលទៅគ្រប់គ្រង។

ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានអាហ្សង់ទីនលោក ហ្ស៊ាន ខាបានដាយ (Juan Cabandie) បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋមួយចំនួនត្រូវបានជម្លៀសចេញ ហើយផ្លូវក៏ត្រូវបានបិទផងដែរ»។ បើតាមព័ត៌មានផ្លូវការ យន្តហោះចំនួន ០៧គ្រឿងកំពុងជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះនេះ ដោយប្រើប្រាស់ទឹកចេញពីបឹង សានរ៉ូក (San Roque) នៅក្នុងតំបន់នោះ៕