(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ថា «វាគឺជារឿងដ៏អាម៉ាស់» ដែលសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 កើនលើស ២សែននាក់។ ប៉ុន្តែទន្ទឹមគ្នានេះ លោកក៏បាននិយាយយ៉ាងឡូយថា ចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះទៀត ប្រសិនបើប្រធានាធិបតីអាមេរិកបច្ចុប្បន្ន មិនមែនជារូបលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន នាថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ក៏បានការពារផងដែរចំពោះរាល់ចំណាត់ការនៃរដ្ឋបាលរបស់លោក ក្នុងការដោះស្រាយវិបត្តិ COVID-19។ ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថាវាគឺជារឿងដ៏អាម៉ាស់។ ខ្ញុំគិតថា ប្រសិនបើយើងមិនបានធ្វើវាដោយត្រឹមត្រូវ នោះអ្នកប្រហែលជាបានឃើញមនុស្សស្លាប់ ២.៥លាននាក់»។
ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះបានកើតមានឡើងក្រោយពីលោក ចូន បៃដិន កាលពីថ្ងៃចន្ទសប្តាហ៍នេះបានបោទប្រកាន់ថា ដោយសារតែការភូតកុហក និងអសមត្ថភាពរបស់លោក ត្រាំ ក្នុងរយៈពេល ០៦ខែកន្លងមកនេះ យើងបានបាត់បង់ជិវិតពលរដ្ឋអាមេរិកាំងដ៏ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ បន្ថែមពីនេះទៀត ប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ក៏បានស្តីបន្ទោសចំពោះការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកស្លាប់ និងករណីឆ្លងលើការផ្សាយព័ត៌មានមិនពិត និងការធ្វេសប្រហែសរបស់លោក ត្រាំ ព្រមទាំងការបិទបាំងព័ត៌មានពីវីរុសដ៏កាចសាហាវនេះផងដែរ។
គួរជម្រាបថា បើតាមសាកលវិទ្យាល័យ Johns Hopkins គិតត្រឹមថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់ ២០០,១៨២នាក់ក្នុងចំណោមអ្នកឆ្លងសរុប ៦.៨៦លាននាក់ ដែលជាតួលេខរក្សាសហរដ្ឋអាមេរិក ឱ្យឈរនៅលើកំពូលតារាងក្នុងនាមជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលមួយនេះ ច្រើនជាងគេបំផុតនៅលើពិភពលោក៕