(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ ២០០,០០០នាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនអ្នកបោះឆ្នោតនានាត្រូវសម្រេចចិត្តថា តើលោក ដូណាល់ ត្រាំ នឹងបន្តកាន់តំណែងមួយអាណត្តិទៀត ឬមួយក៏អត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ ចន ហបឃីនស៍ (Johns Hopkins) បានបង្ហាញថា ពលរដ្ឋអាមេរិកាំងចំនួន ២០០,១៨២នាក់បានស្លាប់ ក្នុងចំណោម ៦.៨៦លាននាក់ដែលបានឆ្លងជំងឺ COVID-19។ ចំនួនប្រជាជនសរុបនៅសហរដ្ឋអាមេរិកស្មើនឹងជាង ៤ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបលើពិភពលោក ប៉ុន្តែមហាអំណាចមួយនេះ បានកត់ត្រាចំនួនអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណា រហូតដល់ទៅជាង ២០% នៃចំនួនអ្នកស្លាប់សរុប ៩៧៥,០០០នាក់នៅលើពិភពលោក។
នៅជុំវិញបញ្ហានេះ លោក ចូន បៃដិន កាលពីថ្ងៃចន្ទសប្តាហ៍នេះបានគូសបញ្ជាក់ថា ដោយសារតែការភូតកុហក និងអសមត្ថភាពរបស់លោក ត្រាំ ក្នុងរយៈពេល ០៦ខែកន្លងមកនេះ យើងបានបាត់បង់ជិវិតពលរដ្ឋអាមេរិកាំងដ៏ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ ទន្ទឹងគ្នានេះប្រធានសភាតំណាងរាស្ត្រលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ក៏បានស្តីបន្ទោសចំពោះការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកស្លាប់ និងករណីឆ្លងលើការផ្សាយព័ត៌មានមិនពិត និងការធ្វេសប្រហែសរបស់លោក ត្រាំ ព្រមទាំងការបិទបាំងព័ត៌មានពីវីរុសដ៏កាចសាហាវនេះផងដែរ។
គួរជម្រាបថា លោក ត្រាំ នៅតែទទូចឲ្យសហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ សម្រាប់ការទទួលយកវ៉ាក់សាំង COVID-19 ក្នុងពេលឆាប់ៗនេះដោយវាត្រូវបានអ្នកវិភាគមើលឃើញថា ជាការបង្កើនឱកាសជាប់ឆ្នោតសាជាថ្មីរបស់លោក។ ដោយឡែកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងចែកចាយវ៉ាក់សាំង, យើងនឹងកម្ចាត់វីរុស, យើងនឹងបញ្ចប់ជំងឺរាតត្បាត (COVID-19) ហើយយើងនឹងឈានទៅរកយុគសម័យថ្មីនៃវិបុលភាព, កិច្ចសហប្រតិបត្តិការ និងសន្តិភាពដែលមិនធ្លាប់មានពីមុនមក៕