Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយ ដើម្បីបញ្ជៀសវិបត្តិ shutdown

23-09-2020 10:17

(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ថវិកា ដើម្បីរក្សារដ្ឋាភិបាលឲ្យដំណើរការរហូតដល់ថ្ងៃទី១១ ខែធ្នូ បន្ទាប់ពី គណបក្សទាំងពីរ នៅក្នុងសភា និងមន្ត្រីសេតវិមានបានចុះកិច្ចព្រមព្រៀងផ្តល់ជំនួយដល់កសិករ និងជំនួយស្បៀងអាហារសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ការអនុម័តខាងលើធ្វើឡើង នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងសំឡេងគាំទ្រ ៣៥៩ ទល់នឹង៥៧ ហើយសេចក្ដីព្រាងច្បាប់នេះ បានបញ្ជូនទៅឲ្យព្រឹទ្ធសភាដើម្បីបោះឆ្នោត មុនពេល ការបិទបញ្ចប់នៃការចំណាយរបស់រដ្ឋាភិបាលនៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ ដើម្បីរារាំងមិនឲ្យមានការបិទដំណើរការនៃ រដ្ឋាភិបាលសហព័ន្ធ (shutdown) មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។

បន្ថែមពីលើកញ្ចប់ថវិកាសម្រាប់ភ្នាក់ងាររដ្ឋាភិបាល កិច្ចព្រមព្រៀងនេះក៏នឹងបម្រុងទុកកញ្ចប់ថវិកាចំនួន ៣០ពាន់លានដុល្លារ ទៅឲ្យនាយកដ្ឋានកសិកម្មដែលរដ្ឋបាល លោក ត្រាំ និងសមាជិកសភារំពឹងទុកផងដែរ។ ចំណែកឯ ក្រុមអ្នកប្រជាធិបតេយ្យ ទទួលបានកញ្ចប់ថវិកាប្រហែលជា ៨ពាន់លានដុល្លារ សម្រាប់កម្មវិធីផ្តល់អាហារដល់ កុមារ ដែលបានការកើនឡើងពីចំនួន ២ពាន់លានដុល្លារដាក់ស្នើដំបូងកាលពីថ្ងៃសុក្រ សប្តាហ៍មុន។

ប្រធានសភាតំណាងរាស្ត្រ លោកស្រី Nancy Pelosi បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះបានដាក់កម្រិតនៃការប្រើប្រាស់ថវិកាដោយរារាំង មិនឲ្យទៅក្រុមហ៊ុន ចម្រាញ់ប្រេង ឬអ្នកនាំចូល ដើម្បីជួយឲ្យពួកគេបំពេញតាមស្តង់ដារប្រេងឡើងវិញ នោះឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Nancy Pelosi បានសង្កត់ធ្ងន់ ដូច្នេះថា៖ «យើងបានបង្កើនតម្លាភាពនៃការប្រើប្រាស់កញ្ចប់ថវិការបស់ (Commodity Credit Corporation (CCC) និងធ្វើឲ្យប្រាកដថាថវិកាសង្គ្រោះបន្ទាន់នឹង ទៅដល់ដៃកសិករអាមេរិក»

គួរជម្រាបថា ក្រុមអ្នកប្រជាធិបតេយ្យ បានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាបានប្រើប្រាស់សេចក្តីព្រាងច្បាប់ស្តីកញ្ចប់ថវិកាដើម្បីកេងចំណេញ ផលប្រយោជន៍នយោបាយ។ ជាក់ស្តែង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកបានប្រកាសថា១៣ពាន់លានដុល្លារពី CCC គឺដើម្បីជួយដល់តំបន់ជនបទនៅ ក្នុងយុទ្ធនាការបោះឆ្នោតមួយនៅក្នុងរដ្ឋ Wisconsin ដែលជារដ្ឋសមរភូមិដ៏សំខាន់មួយនៅ ក្នុងការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ៕