Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន-ឥណ្ឌា យល់ព្រមបញ្ឈប់បញ្ជូនកងទ័ពបន្ថែម ទៅកាន់តំបន់ជម្លោះព្រំដែន (Video inside)

23-09-2020 09:44

(ញូយ៉ក)៖ មេបញ្ជាការយោធាមកពីប្រទេសឥណ្ឌា និងចិន បានព្រមព្រៀងគ្នាបញ្ឈប់ការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ជម្លោះព្រំដែន តាមជួរភ្នំហិរម៉ាល័យ បន្ទាប់ពីបានជួបប្រជុំគ្នាជាច្រើនលើក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ភាពតានតឹងនៃទំនាក់ទំនងរវាងចិន និងឥណ្ឌា បានកើតឡើង ក្រោយកងទ័ពនៃប្រទេសទាំង២ ផ្ទុះជម្លោះដ៏ហិង្សានឹងគ្នានៅឯតំបន់ Ladakh កាលពីថ្ងៃទី១៥ ខែមិថុនា ដោយបណ្ដាលឱ្យកងទ័ពឥណ្ឌា២០នាក់បានស្លាប់។ ចំណែកឯ ចិនក៏បានអះអាងថាកងទ័ពរបស់ខ្លួនមានស្លាប់ និងរបួសផងដែរ តែមិនបានបញ្ជាក់ពី តួលេខឡើយ។

មេបញ្ជាការយោធា និងប្រមុខការទូតនៃប្រទេសទាំង២ បានជួបប្រជុំគ្នាជាច្រើនលើក ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង ហើយជំនួបចរចាកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅ គឺជាជំនួបជុំទី៦ ចាប់តាំងពីជម្លោះព្រំដែនផ្ទុះឡើងកាលពីមិថុនាមក។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ កងទ័ពឥណ្ឌា បានឱ្យដឹងថាភាគីទាំង២ បានព្រមព្រៀងគ្នាបញ្ឈប់ការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ព្រំដែន និងបញ្ជៀសរាល់សកម្មភាពទាំងឡាយណា ដែលនាំឱ្យស្ថានភាពកាន់តែស្មុគស្មាញ។

គួរជម្រាបថា ក្រោយពីផ្ទុះជម្លោះនៅឯតំបន់ព្រំដែនកាលពីខែមិថុនាមក ទាំងឥណ្ឌា និងចិន បានបញ្ជូនកងទ័ព និងសព្វាវុធជាបន្តបន្ទាប់ទៅកាន់តំបន់ជម្លោះព្រំដែន ស្របពេលសហរដ្ឋអាមេរិក បានចេញមុខគាំទ្រយ៉ាងពេញទំហឹង ក៏ដូចជាជំរុញផងដែរឱ្យទីក្រុងញូដេលី ប្រឆាំងនឹងសកម្មភាពដែលខ្លួនហៅថាជាការឈ្លានពាន របស់ចិន៕