(ហ្សឺណេវ)៖ ស្ថិតិរបស់អង្គការសុខភាពពិភពលោក(WHO) បានបង្ហាញថា សន្ទុះនៃករណីឆ្លង COVID-19 ថ្មីៗ នៅទូទាំងពិភពលោក ក្នុងរយៈពេលមួយសប្តាហ៍ ចុងក្រោយនេះ មានការកើនឡើងក្នុងអត្រាមួយដែលខ្ពស់បំផុត ពុំធ្លាប់មានពីមុនមកទេ បើទោះបីជាអត្រាអ្នកស្លាប់ថ្មី មានការថយចុះបន្តិចក៏ដោយ។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ជុំវិញជំងឺរាតត្បាតសកល COVID-19 អង្គការ WHO បានឲ្យដឹងថា ក្នុងកំឡុងពេលសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី២០ ខែកញ្ញា កន្លងទៅនេះ មានករណីឆ្លងថ្មីៗចំនួន ១,៩៩៨,៨៩៧នាក់ ត្រូវបានកត់ត្រានៅជុំវិញពិភពលោក។ WHO បានគូសបញ្ជាក់ថា វាបានកើនចំនួន ៦% បើប្រៀបធៀប នឹងរយៈពេលដូចជា កាលពីសប្តាហ៍កន្លងទៅ។ ពោលវាជាអត្រាឆ្លងប្រចាំសប្តាហ៍ដ៏ខ្ពស់បំផុត ចាប់តាំងពីផ្ទុះមានជំងឺនេះមក។
អង្គការសុខភាពពិភពលោក បាបបន្ថែមទៀតថា ស្ទើរតែតំបន់ទាំងអស់នៅទូទាំងពិភពលោក បានស្គាល់កំណើនអត្រាអ្នកឆ្លងថ្មី ជាពិសេសនៅទ្វីអ៊ឺរ៉ុប និងអាមេរិកទាំងពីរ ដោយបានកើនពី១០% ទៅ១១% ខណៈមានតែទ្វីបអាហ្វ្រិកមួយប៉ុណ្ណោះ គេឃើញថា អត្រាអ្នកឆ្លងថ្មីមានការធ្លាក់ចុះ រហូតទៅដល់ ១២% បើប្រៀបធៀបនឹងរយៈពេល ដូចគ្នានេះ។
បើទោះបីជាករណីឆ្លងថ្មីមានការកើនឡើង ប៉ុន្តែករណីស្លាប់មានការធ្លាក់ចុះយ៉ាងគួរកត់សម្គាល់ ដោយមានការធ្លាក់ចុះ១០% បើប្រៀបធៀបរយៈពេលដូចគ្នា។ រហូតមកទល់ពេលនេះ ពិភពលោកបានកត់ត្រាករណីឆ្លង COVID-19 សរុបប្រមាណជាង ៣១លានករណី ក្នុងស្លាប់ជាង ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ២៣លាននាក់៕