(ម៉ូស្គូ)៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានលើកឡើងនៅថ្ងៃចន្ទសប្តាហ៍នេះថា ទីក្រុងម៉ូស្គូមិនមានការភ័យខ្លាច ចំពោះការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកមកលើខ្លួន ជុំវិញកិច្ចព្រមព្រៀងអាវុធជាមួយប្រទេសអ៉ីរ៉ង់ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
លោក Ryabkov បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃចន្ទម្សិលមិញដូច្នេះថា៖ «យើងមិនមានការភ័យខ្លាច ចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើយ។ យើងស៊ាំនឹងវាទៅហើយ។ ទណ្ឌកម្មអាវុធរបស់អាមេរិកមកលើអ៉ីរ៉ង់ នឹងមិនប៉ះពាល់ដល់គោលនយោបាយរបស់យើងឡើយ។ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយអ៉ីរ៉ង់ មានលក្ខណៈចម្រុះ...បទបញ្ជាប្រតិបត្តិមួយនឹងមិនអាចផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់យើងទេ»។
មិនតែប៉ុណ្ណោះ លោក Sergei Ryabkov ថែមទាំងបានអះអាងទៀតថា កិច្ចសហប្រតិបត្តិការការពារជាតិជាមួយអ៊ីរ៉ង់ អាចនឹងរីកចម្រើនបន្ថែមទៀត ក្រោយពេលទណ្ឌកម្ម អន្តរជាតិអស់សុពលភាពនៅខែតុលាខាងមុខនេះ ពោលគឺវាអាស្រ័យលើតម្រូវការជាក់ស្តែង និងឆន្ទៈនៃប្រទេសទាំងពីរ។
គួរជម្រាបថា សហរដ្ឋអាមេរិក ប្រកាសដាក់ឲ្យអនុវត្តឡើងវិញជាលក្ខណៈឯកតោភាគីនូវទណ្ឌកម្ម ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងអ៉ីរ៉ង់ ជាមួយ ការព្រមានដែរថាបណ្ដាប្រទេសទាំងឡាយណាដែលមិនបានចូលរួមអនុវត្តការដាក់ទណ្ឌកម្មនេះ អាចនឹងប្រឈមមុខនឹងទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ ការប្រកាសនេះ កើតមានឡើងក្រោយសហរដ្ឋអាមេរិកបរាជ័យ ក្នុងការបញ្ចុះបញ្ចូលឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តសុពលភាពលើការដាក់ទណ្ឌកម្ម អាវុធលើអ៉ីរ៉ង់ ខណៈទណ្ឌកម្មនេះនឹងត្រូវអស់សុពលភាពនៅខែតុលាខាងមុខនេះតែម្តង៕