(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះចម្បាំងរ៉ាហ្វាល់ (Rafale) ដែលឥណ្ឌាទើបទទួលបានពីបារាំងក្តៅៗនោះ នៅពេលនេះត្រូវបានយកទៅហោះហើរសាកល្បង នៅជិតតំបន់ព្រំដែនជាមួយ ចិនហើយ។

២៖ ត្រីបាឡែនប្រហែល ៩០ក្បាលបានងាប់ និងជាង ១៨០ក្បាលទៀតកំពុងជាប់ខ្លួន នៅឯឆ្នេរសមុទ្រដាច់ស្រយាលមួយ នៅភាគខាងត្បូងប្រទេសអូស្រ្តាលី ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ បានចាប់ផ្តើមហើយនៅថ្ងៃអង្គារនេះ។

៣៖ មន្រ្តីត្រួតពិនិត្យឱសថអឺរ៉ុបនៅថ្ងៃអង្គារនេះបានប្រកាសថា ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានទាក់ទងជាមួយអ្នកអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ដែលមានសក្ដានុពលចំនួន ៣៨ រួចមកហើយគិតត្រឹមខែកញ្ញានេះ។

៤៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានកោតសរសើរយ៉ាងខ្លាំងដល់ «វីរភាព» របស់អាកាសយានិកយន្ដហោះចម្បាំងតៃវ៉ាន់ ដែលបានហោះដេញតាមស្ទាក់យន្ដហោះចម្បាំងចិន ដែលចូលមកក្នុងដែនអាកាសនៃដែនកោះមួយនេះ កាលពីប៉ុន្មានថ្ងៃមុន។

៥៖ មហាសេដ្ឋីអចលនទ្រព្យចិនលោក រិន ជីជាំង (Ren Zhiqiang) ត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំនៅថ្ងៃអង្គារនេះ ពីបទប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក និងកឹបកេងមូលនិធិសាធារណៈ។

៦៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នាព្រឹកថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេស បានកើនដល់១០០នាក់ ហើយ បន្ទាប់អ្នកជំងឺ០២នាក់បន្ថែមទៀតបានស្លាប់៕