(ស្វីស)៖ ស្វីសដែលជាប្រទេសមិនធ្លាប់ធ្វើសង្រ្គាមជាមួយបរទេសណាឡើយ ក្នុងរយៈពេលជាង ២០០ឆ្នាំកន្លងមកនេះ បច្ចុប្បន្នស្រាប់តែចង់ចំណាយលុយរាប់ពាន់លានដុល្លារ ទៅលើការទិញយន្តហោះចម្បាំងថ្មីៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។
យ៉ាងណាមិញមានមតិជាច្រើនប្រឆាំងនឹងគំនិតខាងលើ ដោយយោងលើហេតុផលថា ប្រទេសអព្យាក្រឹត្យមួយនេះ មិនមានលទ្ធភាពទិញ ឬមួយក៏ចាំបាច់ត្រូវទៅទិញយន្តហោះចម្បាំងទំនើបៗបែបនេះយកមកធ្វើអ្វីឡើយ។ ម៉្យាងវិញទៀតប្រទេសអឺរ៉ុបមួយចំនួនដូចជាអៀរឡង់ ម៉ាល់តា និងលុចសំបួរ មិនទាំងមានយន្តហោះចម្បាំងផង ដូច្នេះហើយគម្រោងចង់ចំណាយថវិកាដល់ទៅខ្ទង់ ៦.៦ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺជារឿងឥតប្រយោជន៍។
សមាជិកសភាស្វីសម្នាក់គឺលោកស្រី ព្រីស្កា សីឡឺ ហ្គ្រាហ្វ (Priska Seiler Graf) បាននិយាយយ៉ាងដូច្នេះថា «តើនរណាជាសត្រូវរបស់យើង? តើមានអ្នកណាហ៊ានមកវាយប្រទេសតូចមួយ ដែលអព្យាក្រឹត្យជានិច្ចនេះ ហើយហ៊ុមព័ទ្ធទៅដោយសមាជិកអង្គការ NATO ទៀត? វាពិតជារឿងពុំសមហេតុផលទាល់តែសោះ»។
នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ថ្ងៃទី២៧ ខែកញ្ញា) ប្រជាពលរដ្ឋស្វីសនឹងបោះឆ្នោត ដើម្បីសម្រេចបញ្ហាខាងលើ។ ប្រសិនបើទទួលបានការគាំទ្រសំឡេងភាគច្រើន រដ្ឋាភិបាលស្វីសនឹងអាចមានសិទ្ធិសម្រេចនៅឆ្នាំក្រោយ ក្នុងការទិញយន្តហោះចម្បាំងថ្មីៗ ក្នុងនោះមានជម្រើសដូចជា អឺរ៉ូហ្វៃធើ (Eurofighter) ពីក្រុមហ៊ុន Airbus របស់បារាំង, រ៉ាហ្វាល់ (Rafale) ពីក្រុមហ៊ុនដាហ្សាល់ (Dassault) របស់បារាំង, F/A-18 Super Hornet ពីក្រុមហ៊ុន Boeing ឬ F-35-A Lightning II ពីក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។
យន្តហោះចម្បាំងថ្មីៗខាងលើនេះ នឹងត្រូវយកមកជំនួសក្រុមយន្តហោះចម្បាំង F/A-18 Hornet ចំនួន ៣០គ្រឿងរបស់កងទ័ពអាកាសស្វីស ដែលនឹងត្រូវចូលនិវត្តន៍នៅឆ្នាំ២០៣០។ លោកស្រី Seiler Graf ចង់ឲ្យរដ្ឋាភិបាលស្វីសពិចារណាលើយន្តហោះចម្បាំងផ្សេង ដែលមានតម្លៃទាបៗជាងជម្រើសខាងលើ ដែលសុទ្ធតែជាយន្តហោះចម្បាំងលំដាប់កំពូលៗ និងតម្លៃថ្លៃកប់ពពក។
គួរជម្រាបថា កាលពី៦ឆ្នាំមុន ប្រជាជនស្វីសបានបដិសេធចំពោះគម្រោងទិញយន្តហោះចម្បាំង ហ្គ្រីភែន (Gripen) ពីប្រទេសស៊ុយអែត។ ចំណែកកាលពីឆ្នាំ១៩៨៩ សំណើមួយដែលសំដៅរំលាយយោធាស្វីសចោលទាំងស្រុងនោះ ទទួលបានការគាំទ្រ ៣៥ភាគរយ។ សម្រាប់ការបោះឆ្នោតប្រជាមតិខាងមុខនេះ ក្រុមអ្នកវិភាគយល់ឃើញថា ប្រជាជនស្វីសភាគច្រើនទំនងជានឹងគាំទ្រ គម្រោងយន្តហោះចម្បាំងថ្មីរបស់រដ្ឋាភិបាល។ សមាជិកសភាស្វីសម្នាក់ទៀតគឺលោក ថូម៉ាស់ ហឺតថឺ (Thomas Hurter) បានលើកឡើងថា ស្វីសត្រូវតែមានសមត្ថភាពការពារខ្លួនឯង ដោយមិនត្រូវពឹងផ្អែកលើការការពារពីប្រទេសដទៃឡើយ ហើយការទិញយន្តហោះចម្បាំងថ្មីៗ គឺជាមធ្យោបាយមួយដើម្បីធ្វើយ៉ាងដូច្នោះ៕