(តៃប៉ិ)៖ កោះតៃវ៉ាន់នៅថ្ងៃចន្ទនេះបានប្រកាសថា កងកម្លាំងយោធារបស់ខ្លួនមានសិទ្ធិ នៅក្នុងការចាត់វិធានការទប់ទល់ចំពោះការគំរាមកំហែង និងឈ្លានពាននានា។ បើទោះបីជាតៃវ៉ាន់មិនបានបញ្ជាក់ចំៗថាជានរណាជាសត្រូវក៏ដោយ ក៏ការថ្លែងបែបនេះបានកើតមានឡើង ចំពេលដែលប្រទេសចិន កំពុងធ្វើសមយុទ្ធយោធាយ៉ាងគគ្រឹកគគ្រេង នៅក្បែរច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait)។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។
កោះតៃវ៉ាន់ដែលត្រូវបានចាត់ទុកត្រឹមតែជាខេត្តមួយរបស់ប្រទេសចិននោះ បានបង្ហាញទំនាក់ទំនងកាន់តែបើកចំហ ជាមួយសហរដ្ឋអាមេរិក តាមរយៈការទទួលមន្ត្រីជាន់ខ្ពស់អាមេរិកពីររូប មកបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងទីក្រុងតៃប៉ិកាលពីខែសីហា និងនៅក្នុងខែកញ្ញានេះតែម្តង។ ប្រការនេះបានធ្វើឲ្យទីក្រុងប៉េកាំងចេញសារព្រមានជាច្រើនដង និងបានរៀបចំធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ដែលបាននិងកំពុងធ្វើឲ្យកោះតៃវ៉ាន់ ព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលអាចផ្ទុះសង្គ្រាមឡើង។
បើតាមប្រភពពីក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះច្បាំងចិនជាច្រើនគ្រឿង នៅតែបន្តធ្វើការហោះហើរពីលើខ្សែបន្ទត់បែងចែកដែនទឹកនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចរសើបបំផុតរវាងចិនដីគោក និងកោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍ពីយោធាតៃវ៉ាន់ បានគូសបញ្ជាក់នៅថ្ងៃនេះយ៉ាងដូច្នេះថា «យើងបានធ្វើការកំណត់យ៉ាងច្បាស់លាស់ អំពីរបៀបនៃការឆ្លើយតបទៅនឹងការយាយី និងគំរាមកំហែងជាញឹកញាប់ពីសំណាក់នាវាចម្បាំង និងយន្តហោះរបស់សត្រូវនៅក្នុងឆ្នាំនេះ។ កោះតៃវ៉ាន់មានសិទ្ធិការពារខ្លួន និងទប់ទល់រាល់ការវាយប្រហារ ដោយអនុលោមតាមគោលការណ៍មិនបង្កហេតុ និងមិនបង្កើតជម្លោះមុននោះឡើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ យោធាចិនបានប្រកាសពីការធ្វើសមយុទ្ធយោធាមួយ របស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជិតច្រកសមុទ្រតៃវ៉ាន់។ ចិនបានអះអាងថា «វាជាការផ្លាស់ប្ដូរដ៏ចាំបាច់មួយ ក្នុងស្ថានភាពបច្ចុប្បន្ននៅឯច្រកសមុទ្រតៃវ៉ាន់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដោយលោកបានបានគូសបញ្ជាក់ជាថ្មីថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន ដែលមិនអាចផ្លាស់ប្តូរបាន ក៏ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធផងដែរ ដែលមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីប្រទេសដទៃឡើយ»។
យោធាចិន PLA បានបន្ថែមទៀតថា សហរដ្ឋអាមេរិក និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) កំពុងកាន់អំណាចនៅកោះតៃវ៉ាន់ ថ្មីៗនេះបានបង្កើនការសមគំនិតគ្នាជាញឹកញាប់ ដែលបង្កឲ្យមានបញ្ហាជារឿយៗ ដោយចិនបានព្រមានចំពោះបញ្ហានេះថា «អ្នកដែលចូលខ្លួនលេងជាមួយភ្លើង នោះនឹងត្រូវឆេះខ្លោច»។ យោធាចិនបានសង្កត់ធ្ងន់ថា PLA មានឆន្ទៈខ្ពស់បូករួមទាំងទំនុកចិត្ត និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីរារាំងការជ្រៀតជ្រែកណាមួយពីកម្លាំងបរទេស ឬសកម្មភាពឯករាជ្យរបស់តៃវ៉ាន់៕