Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

NASA បង្ហើបថា គម្រោងបញ្ជូនមនុស្សទៅជាន់ផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២៤ ប្រហែលមិនអាចទៅដល់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទទេ

19-09-2020 21:43

(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានប្រាប់ថា ក្រុមអវកាសយានិកដែលត្រូវធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ប្រហែលជានឹងមិនទៅដល់តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទនោះទេ។ នេះបើតាមការចេញផ្សាយរបស់វែបសាយព័ត៌មាន Space នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងរយៈពេល១៨ខែមកនេះ ទីភ្នាក់ងារអវកាស NASA បានផ្តោតសំខាន់ទៅលើគោលដៅនាំយកអវកាសយានិកអាមេរិក ឲ្យចុះទៅដល់ តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទនៅឆ្នាំ២០១៤ ប៉ុន្តែឥឡូវ NASA បានឲ្យតំរុយថា ចំណុចត្រង់ថាចុះទៅនៅប៉ូលខាងត្បូងព្រះច័ន្ទ ប្រហែលជាអាចនឹងត្រូវបោះបង់ចោល ប្រសិនការធ្វើបែបនោះអាចបង្កភាពលំបាកខ្លាំង ឬមិនអាចសម្រេចបានតាមពេលវេលាកំណត់។

កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់អង្គការ NASA ដើម្បីឆ្ពោះទៅជាន់ដីព្រះច័ន្ទជាថ្មីម្តងទៀត បានចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០១៩ នៅពេលអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានបង្គាប់ឲ្យ NASA ពន្លឿនកាលវិភាគមកនៅត្រឹមឆ្នាំ២០២៤ ជាមួយគោលដៅចុះចតនៅត្រង់តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាទីដែលអ្នកវិទ្យាសាស្រ្តបានរកឃើញមានវត្តមានទឹកកកកប់នៅក្រោមទីនោះ។

គួរជម្រាបថា យ៉ាងណាមិញ ប្រសិនបើ NASA ងាកមកផ្តោតលើតំបន់អេក្វាទ័ររបស់ព្រះច័ន្ទវិញនោះ ក៏មានទីតាំងមួយចំនួនដែលទទួលបាន ការចាប់អារម្មណ៍រួចជាស្រេចផងដែរ រួមមានទីតាំងចុះចតចំនួន៦កន្លែង របស់បេសកកម្ម Apollo ដែលក្រុមអវកាសយានិកអាមេរិកបានធ្វើការរុករកកាលពីចន្លោះឆ្នាំ១៩៦៩-១៩៧២៕