(យូអិន)៖ នៅមុនពេលកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ (UN) ក្រុមអតីតមេដឹកនាំរដ្ឋាភិបាល និងអតីតអគ្គលេខាធិការរបស់ UN បានអំពាវនាវឲ្យពង្រឹងប្រព័ន្ធស្ថាប័ន អន្តរជាតិមួយនេះឡើងវិញ ស្ថិតនៅចំពោះមុខស្ថានការណ៍តានតឹង ស្ទើរគ្រប់វិស័យនៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងលិខិតបើកចំហមួយចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ អតីតមេដឹកនាំអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំរដ្ឋាភិបាលចំនួន ៤៨រូបមកពីជុំវិញពិភពលោកបានអំពាវនាវឲ្យពង្រឹងប្រព័ន្ធពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ ក្នុងឱកាសគំរប់ខួបលើកទី ៧៥ នៃការបង្កើតស្ថាប័នអន្តរជាតិ ដែលមានរដ្ឋសមាជិកសរុបចំនួន ១៩៣ប្រទេសមួយនេះឲ្យឆ្ពោះទៅរកភាពរឹងមាំ, តម្លាភាព, និងប្រព័ន្ធពហុភាគីនិយមឡើងវិញ។
យោងតាមលិខិតដែលទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបាន ក្រុមមេដឹកនាំខាងលើបានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ គឺជាស្នូលដែលត្រូវតែបង្កើនសកម្មភាព ដើម្បីផ្តល់នូវការណែនាំចំពោះការដឹកនាំ និងការសម្រេចចិត្តដែលទាមទារឲ្យធានាបាននូវ សុវត្ថិភាពមនុស្សជាតិ, សន្តិសុខ, និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងពិភពលោកនៃយើង។ រាប់ចាប់ពីការប្រែប្រួលអាកាសធាតុ, ដល់បញ្ហាសិទ្ធិមនុស្ស, យេនឌ័រ, សមភាពពូជសាសន៍, ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិភាព, និងសន្តិសុខអន្តរជាតិ។ នៅចំពោះមុខបញ្ហាទាំងអស់នេះ សហគមន៍អន្តរជាតិគួរតែគោរពតាមការប្តេជ្ញារបស់ខ្លួន ចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងគោលដៅអភិវឌ្ឍន៍នាឆ្នាំ២០៣០ ព្រមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។
បច្ចុប្បន្ននេះយើងត្រូវការជាបន្ទាន់នូវភាពជាអ្នកដឹកនាំសកល ខណៈដែលពិភពលោកកំពុងស្ថិតក្នុងដំណាក់កាល ងាកទៅរកការដឹកនាំបែបជាតិនិយម ឬគាំពារនិយម ហើយយើងចាំបាច់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារនិងស្តារឡើងវិញនូវប្រព័ន្ធពហុភាគីនិយម ជាពិសេសការស្តារឡើងវិញនៃសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមក្រោយពីវិបត្តិជំងឺ COVID-19 តាមរយៈអ្នកដឹកនាំថ្នាក់ជាតិរៀងៗខ្លួន និងកិច្ចសហប្រតិបត្តិការជាសកលដែលប្រកបដោយប្រសិទ្ធភាព។
យោងតាមលោកស្រី ម៉ារី រ៉ូប៊ីនសុន (Mary Robinson) អតីតប្រធានាធិបតីនៃប្រទេសអៀរឡង់ និងជាអតីតឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា ពហុភាគីនិយមមិនមែនជាជំរើសនោះទេ តែវាគឺជាផ្លូវតែមួយគត់ដែលអាចផ្តល់នូវការអភិវឌ្ឍបៃតង ដែលប្រកបដោយនិរន្តរភាព និងសមភាពនៃការងើបឡើងវិញរបស់ពិភពលោក។
ទន្ទឹងគ្នានេះដែរ លោកស្រី ម៉ារៀន ហ្វឺណាន់ដែស អេស្ពីណូសា (Maria Fernanda Espinosa) ប្រធានសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអេក្វាឌ័រ ក៏បានលើកឡើងផងដែរថា អង្គការសហប្រជាជាតិគឺជាស្ថាប័នអន្តរជាតិ ដែលមិនអាចជំនួសបានឡើយ ហើយស្ថាប័នអន្តរជាតិមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 និងការស្តារឡើងវិញដែលអនុញ្ញាតឲ្យពិភពលោក ងើបឡើងវិញកាន់ល្អប្រសើរ។ លោកស្រី Espinosa បានបន្ថែមទៀតថា ក្នុងឱកាសខួបលើកទី ៧៥ របស់អង្គការសហប្រជាជាតិនាឆ្នាំ២០២០ នេះគឺជាឱកាសមាសដើម្បីស្តារ និងកែលំអស្ថាប័នអន្តរជាតិមួយនេះឡើងវិញ ដើម្បីកសាងប្រព័ន្ធពហុភាគី ឲ្យកាន់តែមានប្រសិទ្ធិភាពជាងនេះទៅទៀត។
គួរបញ្ជាក់ថា ម្ចាស់ហត្ថលេខីនៅក្នុងលិខិតខាងលើរួមមានលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក ខេវិន រ៉ាដ់ (Kevin Rudd) អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី, លោកស្រី ហេឡេន ក្លាក (Helen Clark) អតីតនាយករដ្ឋមន្រ្តីនូវែលសេឡង់, លោក ហ្គ័រដុន ប្រោន (Gordon Brown) អតីតនាយករដ្ឋមន្ត្រីអង់គ្លេស, និងលោកស្រី ថាចា ហាឡូណិន (Tarja Halonen) អតីតប្រធានាធិបតីហ្វាំងឡង់។ លិខិតនេះនៅតែបើកចំហសម្រាប់ទទួលហត្ថលេខាបន្ថែមទៀត រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ជាថ្ងៃប្រារព្ធខួបដែលអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងជាផ្លូវការ ក្រោយសង្គ្រាមលោកលើកទី២៕